ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងស្ថានភាពភ្លៀងកក់ខែ ដែលអាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

    BY soknita February 25, 2026
    ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងស្ថានភាពភ្លៀងកក់ខែ ដែលអាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុង ស្ថានភាពភ្លៀងកក់ខែ ដែលអាចមានភ្លៀងធ្លាក់ លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។

    ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមទៀតថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

    ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប ដែលមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។

    ចំពោះតំបន់ខ្ពង់រាប មានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី ៤០%។

    ចុងក្រោយសម្រាប់តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រមានកម្ពស់មធ្យម អប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

    យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែនេះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ផលដំណាំ និងជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: