ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោជំរុញកម្ពុជា-បារាំងបន្តពង្រឹងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគបន្ថែមទៀត

    BY soknita February 25, 2026
    សម្តេចតេជោជំរុញកម្ពុជា-បារាំងបន្តពង្រឹងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគបន្ថែមទៀត

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។

    ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា សម្ដេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។

    ចំណែកឯកឧត្តម Thomas Lam បានសម្ដែងការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង និងបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា ។

    បើតាមឯកឧត្តម ជា ធីរិទ្ធ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម Thomas Lam និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងកាន់តែល្អប្រសើរ ។

    ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះសម្ដេចតេជោ នៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: