ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ អំពាវនាវដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ សូមព្យាយាមសិក្សាស្រាវជ្រាវឱ្យច្បាស់ពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់

    BY soknita February 26, 2026

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ សូមព្យាយាមសិក្សាស្រាវជ្រាវឱ្យច្បាស់ពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់។


    សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមក។ បច្ចុប្បន្ន ប្រជាជនយើងគ្រប់មជ្ឈដ្ឋាននិយមប្រើប្រាស់សម្លៀកបំព ប្រពៃណីទាំងនេះក្នុងឱកាសជាច្រើនដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីផ្សេងៗ ព្រមទាំងការ តុបតែងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាដើម ដែលសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ មោទនភាព និងការលើកតម្លៃចំពោះអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ។

    ជាមួយគ្នានេះ ក្នុងរយៈពេលកន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏សង្កេតឃើញមានការផ្សព្វផ្សាយ សម្លៀកបំពាក់ដោយប្រើអាវផាយ ស្បៃ សំពត់ហូល ឬផាមួងមកច្នៃប្រឌិតថ្មី ដើម្បីស្លៀកពាក់បង្ហាញនៅទីសាធារណៈ ក្នុងគោលបំណងចូលរួមលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី និងជំរុញឱ្យមានការអភិរក្សតាមការយល់ដឹងរៀងៗខ្លួន ដែលសុទ្ធតែជាសកម្មភាពគួរជាទីគោរព និងលើកទឹកចិត្ត។

    ដោយឡែកផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណី និងយោងតាមទំនៀមក្នុងវប្បធម៌ខ្មែរ “អាវផាយ” ឬរាជសព្ទ ហៅថា “ព្រះភូសាផាយ” គឺប្រើសម្រាប់ពាក់គ្របពីលើអាវកត្រង់របស់មនុស្សប្រុសនៅក្នុងពិធីប្រពៃណី ឬក្នុងពិធីផ្លូវការ ផ្សេងៗតាមកម្រិតបុណ្យស័ក្តិ ឋានៈ កិត្តិយស។ ព្រះភូសាផាយសម្រាប់ព្រះមហាក្សត្រ ត្បាញពីសូត្រ ប៉ាក់ផ្កា ប៉ាក់ឱន និងរចនាល្អពិចិត្រប្រណីតពណ៌មាសភ្លឺផ្លេក សម្រាប់ព្រះអង្គទ្រង់គ្រឿងក្នុងព្រះរាជពិធីរាជាភិសេកឡើងសោយរាជ្យ។

    រីឯ ស្បៃ” គឺជាផ្នែកសំខាន់នៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” ដោយការគ្រងស្បៃ គឺជាផ្នែកមួយនៃតម្លៃរបស់ស្ត្រីខ្មែរ ក្នុងអាពាហ៍ពិពាហ៍ ឬពិធីសំខាន់នានាក្នុងជីវិតដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនៃការកកើតទឹកដីនិងអរិយធម៌ខ្មែរ ដំបូងបង្អស់។ ស្បៃដែលប្រើក្នុងពិធីមង្គលការ ជាស្បៃដែលមានការរចនាប៉ាក់ឱនយ៉ាងផ្ចិតផ្ចង់បំផុតសម្រាប់កូនក្រមុំ ប្រើ ជាមួយសំពត់ ក្បិន ផាមួង ល្បើក ឬសារបាប់។ ស្បៃប៉ាក់ឱន ក៏អាចប្រើក្នុងរបាំបុរាណដែរ។ ក្រៅពីនេះ ក៏មានស្បៃ ម្យ៉ាងទៀតជាសាច់ក្រណាត់ធម្មតា ហើយគេនិយមប្រើបានតែជាមួយសំពត់និងក្បិនតាមបែបប្រពៃណីតែប៉ុណ្ណោះ។

    តាមការសិក្សាស្រាវជ្រាវ ព្រះមហាក្សត្រខ្មែរបានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គ ជាពិសេសអ្នកពុំមាន នាថ្ងៃអាពាហ៍ពិពាហ៍ជាមង្គលសិរី។ លទ្ធភាព អាចខ្ចីសម្លៀកបំពាក់ប្រពៃណីបែបនេះពីព្រះបរមរាជវាំង ដើម្បីស្លៀកពាក់យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតខ្លួន

    សេចក្តីពន្យល់សង្ខេបខាងលើ គឺក្នុងគោលបំណងជម្រាបជូនសាធារណជនគ្រប់មជ្ឈដ្ឋាន ពីចរិតលក្ខណៈដើម នៃសម្លៀកបំពាក់ប្រពៃណីមួយចំនួន ដើម្បីជំរុញការចូលរួមអភិរក្ស ក៏ដូចជាតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋាន ទំនៀមនៃវប្បធម៌ខ្មែរជាគោល ព្រមទាំងពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃមួយចំនួនដែលកំពុងបង្កផលប៉ះពាល់ដល់អត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណី ខ្មែរយើង។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូតសម្លៀកបំពាក់ សូមព្យាយាម សិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ មុននឹង ប្រើប្រាស់ជាសាធារណៈ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជមាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌ ជាតិខ្លួនទៅវិញ។

    សូមទំនាក់ទំនងមក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (លេខទូរសព្ទ/ តេឡេក្រាម ០១២ ៨៨១ ៤៤៧ និងអ៊ីមែល chankethya@gmail.com) សម្រាប់ព័ត៌មានបន្ថែម ឬការផ្តល់យោបល់ បច្ចេកទេសទៅតាមតម្រូវការនានាក្នុងទិសដៅរួមគ្នាពង្រឹង និងថែរក្សាតម្លៃនៃទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់របស់យើង៕

    ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    Share This Post: