រដ្ឋាភិបាលជប៉ុន ផ្តល់គ្រឿងចក្រកម្ទេចមី-នថ្មីទំនើបដល់កម្ពុជា ដើម្បីពន្លឿនការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងចក្រកម្ទេចមីនថ្មី និងដ៏ទំនើបដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជា។

ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះថា សូមស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដើម្បីចូលរួមកម្ទេចសំណល់សពខ្មាំងឈ្លានពាន(សំណល់យុទ្ធភណ្ឌសង្គ្រាម) នេះជាសម្ភារបច្ចេកទេសដើម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។
អគ្គនាយក CMAC បានបន្តសំណេរទៀតថា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ មានទម្ងន់ជាង៤០តោន ត្រូវបានប្រើប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាព CMAC និងក្រុមហ៊ុនKOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណើការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព៕




ប្រភព៖ ក្រសួងព័ត៌មាន