រយៈពេល១ខែ សមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្មេងទំនើងជិត ៤០០នាក់ ទៅតុលាការ
(ណាននីង)៖ តាមការចុំផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង ចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍ឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅ ក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តវិធានការក្ដៅ បង្ក្រាប និងស្រាវជ្រាវឃាត់ខ្លួន ក្មេងទំនើងបញ្ជូនទៅតុលាការ ខណៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរុឹងបំផុត៕
