ដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅរោងចក្រផលិតទឹកស្អាតបាក់ខែង សម្រាប់ស្អែកនេះ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ ល្ងាច នឹងមានស្ថានភាពសំពាធទឹកថយចុះ
(រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ ស្អែកនេះ ដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅរោងចក្រផលិតទឹកស្អាតបាក់ខែង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ ល្ងាច នឹងមានស្ថានភាពសំពាធទឹកថយចុះ

ក្នុងសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមថា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ០៨ ម៉ោង០០ ដល់ម៉ោង ១៦ ម៉ោង០០ រោងចក្រផលិតទឹកស្អាតបាក់ខែង មានទីតាំងស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នឹងផ្អាកដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតទាំងស្រុង ដោយមូលហេតុមានការផ្អាកការផ្គត់ផ្គង់ ថាមពលអគ្គិសនី ពីអគ្គិសនីកម្ពុជា ក្នុងអំឡុងពេលអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី ដើម្បីបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ក្នុងអំឡុងពេលនៃការផ្អាកការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រោងចក្រ ផលិតទឹកស្អាតបាក់ខែង នឹងបណ្តាលឱ្យមានការថយចុះសម្ពាធទឹក នៅតាមតំបន់ក្នុងខណ្ឌមួយចំនួន ដូចខាងក្រោមៈ
-ខណ្ឌឬស្សីកែវ
-ខណ្ឌពោធិ៍សែនជ័យ
-ខណ្ឌព្រែកព្នៅ
-ខណ្ឌដង្កោ
-ខណ្ឌកំបូល
-ខណ្ឌសែនសុខ
-ខណ្ឌជ្រោយចង្វារ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ