គម្រោងវិនិយោគចំនួនជាង ៤០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១២ ខែំីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួនជាង ៤០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួនជាង ៤០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានបង្កើតឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
បន្ថែមពីនោះទៀត គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ នេះ មានជាអាទិ៍ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ ក្នុងផ្ទះ, ផលិតសម្ភារៈបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡានិងគ្រឿងបង្គំបរិក្ខារអគ្គិសនី៕




