កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមសរុបប្រមាណ ២៣លានដុល្លារអាម៉េរិក របស់ជប៉ុន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ។ នៅក្នុងលិខិត ប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោងខាងលើ ដែលបានចុះហត្ថលេខាជាលើកដំបូងកាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅ ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក)។
ចំពោះហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
ឯកអគ្គរាជទូតជប៉ុនសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនេះ និងជំនួយបន្ថែមនេះ អត្ថប្រយោជន៍នៃការកែលម្អការផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវបានគេស្គាល់ថាជា អព្ភូតហេតុនៃទីក្រុងភ្នំពេញ នឹងត្រូវបានពង្រីកទៅកាន់តំបន់នានានៅក្រៅរាជធានីភ្នំពេញ។
ឯកឧត្តមក៏សង្ឃឹមដែរថា គម្រោងនេះនឹងបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំ ដែលផ្អែកលើទំនុកចិត្ត និងមិត្តភាពរវាងប្រទេសទាំងពីរ៕
