ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ

    BY soknita March 20, 2026
    អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ។

    អាជ្ញាធរជាតិអប្សរា ជូនដំណឹង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថានឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាបានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល ៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។

    គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: