សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនរថយន្តចំនួន ១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនទៅវិញទៅមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប រយៈពេល ០៦ថ្ងៃ ដោយឥតគិតថ្លៃ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
(ខេត្តសៀមរាប)៖ តាមរយៈសេចក្ដីជូនដំណឹងពី រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនរថយន្តចំនួន ១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ រយៈពេល ០៦ថ្ងៃ ដោយឥតគិតថ្លៃ សម្រាប់ពីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប ក៏បានបន្ថែមទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរាជធានីភ្នំពេញ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ ដោយឥតបង់ថ្លៃ និងមិនតម្រូវកក់សំបុត្រសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង ០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ។
២. ចេញដំណើរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
– ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចេញដំណើររៀងរាល់ម៉ោង ០៦៖៣០នាទី ដល់ ម៉ោង ១១៖៣០នាទី
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរ តាមរថយន្ត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប