ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែមីនា

    BY soknita March 23, 2026
    តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៥ ខែមីនា

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។

    យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពធាតុអាកាសនេះ ដោយសាររបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។

    ចំពោះតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូពីមានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

    ដោយឡែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកំពង់ស្ពឺ រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។

    ចុងក្រោយតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: