ឯកអគ្គរាជទូតជប៉ុន ររំលេចថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុនមានមោទនភាព ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសេវាសាធារណៈជាដើម។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីបើកកម្មវិធីទស្សនកិច្ចអ្នក វ លសារពត៌មាន ស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ ២០២៦ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ។

ឯកឧត្តម បន្តថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនអន្តរជាតិ (JICA) បានរៀបចំODA Press Tour ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមីនា ទៅទស្សនកិច្ចទីតាំងនានាដូចជាកំពង់ផែក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជាដើម ដើម្បីបង្ហាញនូវសមទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន។
ឯកអគ្គរាជទូតជប៉ុន ថ្លែងថា កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍន៍ តាមរយៈការគាំទ្រពីប្រទេសជប៉ុន និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលឡូជីស្ទិក។
ចំណែក រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាត ក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយវាជាទីតាំងមួយដែលតំណាងឱ្យភាពប្រសើរឡើងនៃសេវាកម្មទឹកស្អាតនៅរាជធានីភ្នំពេញ៕



ប្រភព៖ ក្រសួងព័ត៌មាន