មន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងសាខាក.ប.ប. បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធ នឹងការនាំចូលទុរេនពីប្រទេសថៃ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា មន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងសាខាក.ប.ប. បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធ នឹងការនាំចូលទុរេនពីប្រទេសថៃ។

ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ សាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងមានកិត្តិយស សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែល បានលើកឡើងថា មានការនាំចូលទុរេនពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។
ក្រោយពីបានទទួលព័ត៌មាននេះ សាខាក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្តែង នាវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ និងព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅទីតាំងអាជីវករលក់ទុរេន ចំនួន៨ទីតាំង បានសាកសួរពីប្រភព ទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារ នាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេនតាមរយៈទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក័យបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូល ទុរេនពីថៃនោះទេ។
មន្ត្រីយើងបានឃ្លេចសួរដោយថែមទាំងជំរុញសតិអារម្មណ៍ ស្មារតីស្រលាញ់ជាតិទៀតផង។ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជីវកររាល់ការទិញ-លក់ ត្រូវមាន វិក័យបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គ នាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង