ឯកឧត្តម ហែម វណ្ណឌី៖ ការគាំទ្រចំគោលដៅចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៧ ខែឧសផា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការគាំទ្រចំគោលដៅគឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ។

ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំងវិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាវិធានការគន្លឹះមួយ ក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែលអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មធុនធំ និងទីផ្សារនាំចេញ។
ឯកឧត្តមបានបន្ថែមថា៖ “ជាមួយនឹងការគាំទ្រត្រឹមត្រូវចំគោលដៅ សហគ្រាសធុនតូច និងមធ្យមអាចពង្រីកខ្លួន ផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់ក្នុងអនាគតឧស្សាហកម្មកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសុន្ទរកថាគន្លឹះ បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញ គាំទ្រដោយរបបវិនិយោគបើកចំហ ទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលនៃតំបន់អាស៊ាន និងកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមភាពជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីកំណើននៃគម្រោងវិនិយោគដែលត្រូវបានអនុម័ត និងតួនាទីសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ។ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦២ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ កំពុងដំណើរការ ដែលជាកាតាលីករសំខាន់ ក្នុងការជំរុញកំណើនឧស្សាហកម្ម ការនាំចេញ និងការបង្កើតការងារ៕




ប្រភព៖ ក្រសួងព័ត៌មាន