ថៃគ្រោងចំណាយ ៧០លានបាត ដើម្បីរៀបចំគម្រោងផ្លូវរថភ្លើងថ្មីនៅតំបន់ប៉ាតាយ៉ា
ថៃ៖ យោងតាមសារព័ត៌មានរបស់ថៃបានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅតំបន់ប៉ាតាយ៉ានឹងចំណាយថវិកា ៧០ លានបាតសម្រាប់ផែនការដំបូង ការងាររៀបចំ និងរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងផ្លូវដែកថ្មីមួយ បន្ទាប់ពីត្រូវបានស្នើសុំ ដែលត្រូវប្រើប្រាស់ថវិកាសេដ្ឋកិច្ចជាតិ Eastern Economic Corridor (EEC) ដើម្បីអភិវឌ្ឍទីក្រុងប៉ាតាយ៉ា និងតំបន់ផ្សេងទៀតនៅតាមបណ្តោយឆ្នេរភាគខាងកើត។
គួរឲ្យដឹងផងដែរថា ផ្នែកដំបូងនៃគម្រោង ដែលបានស្នើសុំ គឺខ្សែបន្ទាត់ក្រហមដែលត្រូវចំណាយប្រាក់ ៨ ពាន់លានបាត នឹងផ្តល់សេវាកម្មជាពិសេសសម្រាប់តំបន់ឆ្នេរប៉ាតាយ៉ានៅភាគខាងត្បូង សម្រាប់ការធ្វើដំណើរពីផែភាគខាងត្បូងប៉ាតាយ៉ា ផ្លូវ Sukhumvit ប៉ាតាយ៉ាខាងជើង សាលាក្រុង ស្ថានីយ២១ កណ្តាល និងរាជហ្គាដិន ដោយមានក្រុមហ៊ុនពីរកំពុងតែធ្វើការដេញថ្លៃ ដើម្បីស្ថាបនាបណ្តាញផ្លូវរថភ្លើងថ្មីរបស់ទីក្រុងនេះ។ លើសពីនេះក៏មានខ្សែបន្ទាត់ពណ៌ខៀវមួយផ្សេងទៀតត្រូវបានស្នើឡើង ដែលបានព្យាករណ៍តម្លៃរហូតដល់ ១២ ពាន់លានបាតផងដែរ៕

អត្ថបទ៖ លីនី