សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដណ្តើមជើងឯកការប្រកួតដេញដោលមតិ ក្នុងសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ នៅប្រទេសជប៉ុន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរចំពោះក្រុមយុវជនកម្ពុជា មកពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលរួមមាន កញ្ញា ស្លេះ រ៉ាយ៉ាន, លោក សៀង ធានស៊ឹង និងកញ្ញា អ៊ឹង ខេមរា បរមីច័ន្ទ ដែលបានដណ្តើមជើងឯកការប្រកួតដេញដោលមតិ ក្នុងសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ របស់សភាយុវពាណិជ្ជករអន្តរជាតិ នៅទីក្រុង Niigata ប្រទេសជប៉ុន។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលេចថា តាមរយៈការខិតខំប្រឹងប្រែង វិន័យ ស្មារតីក្រុម និងការតាំងចិត្តដ៏មោះមុត រួមជាមួយសមត្ថភាពក្នុងការវិភាគ និងឆ្លើយតបយ៉ាងប៉ិនប្រសប់ យុវជនកម្ពុជាបានបង្ហាញពីសមត្ថភាព ភាពក្លាហាន និងសាមគ្គីភាពដ៏រឹងមាំ នៅលើឆាកអន្តរជាតិ រហូតអាចយកឈ្នះការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបណ្តាប្រទេសដែលមានបទពិសោធ និងកំណត់ត្រាជោគជ័យជាច្រើន ដូចជា ថៃ ម៉ាឡេស៊ី ម៉ុងហ្គោលី និងហ្វីលីពីន។
ឯកឧត្តម ហ៊ុន ម៉ានី បានជូនពរប្អូនៗឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្តបង្ហាញពីសមត្ថភាព និងសក្តានុពលដ៏លេចធ្លោរបស់យុវជនកម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិជាបន្តបន្ទាប់ ជាពិសេសក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតថ្នាក់ពិភពលោក នៅទីក្រុង Clark ប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។


ប្រភព ក្រសួងព័ត៍មាន