ប៉ូលិសបារាំងបានឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលធ្វេសប្រហែសមិនបានមើលកូនហើយទុកឱ្យកូន ២នាក់បាត់បង់ជីវិតដោយសារខ្សោះជាតិទឹកក្នុងអំឡុពេលរដូវក្តៅ
បារាំង៖ ប៉ូលិសបារាំងបានឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលបានធ្វេសប្រហែសមិនមើលកូននិងទុកឱ្យកូនតូចៗត្រូវខ្សោះជាតិទឹកស្លាប់ក្នុងអំឡុងពេលប្រទេសបារាំងកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់មិនធ្លាប់មាន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៣០ ខែមិថុនា បានបញ្ជាក់ថា ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងតំបន់ Beuvrages ភាគខាងជើង នៃប្រទេសបារាំង។
![]()
បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា ក្មេងតូចៗដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាកូនស្រីភ្លោះចំនួន ២នាក់ និងទើបតែមានអាយុត្រឹម ១៥ខែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីឪពុកម្តាយបានទុកពួកនាងឱ្យគេងនៅក្នុងបន្ទប់ចាប់ពីម៉ោង ៧យប់ ដោយមិនបានចូលមើលថែពួកគេនាងនោះទេ ហើយរហូតដល់ពេលព្រឹកឡើងពួកនាងក៏ត្រូវខ្សោះជាតិទឹកស្លាប់តែម្តង។ ក្នុងថ្ងៃកើតហេតុនោះ បងប្អូនបង្កើតរបស់ពួកនាងចំនួន ២នាក់ផ្សេងទៀត ដែលមានអាយុ ៣ឆ្នាំ និង ៦ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរដោយសារមានបញ្ហាខ្សោះជាតិទឹកដូចគ្នា។ សូមរម្លឹកជូនថា នៅតំបន់អឺរ៉ុបទាំងមូលកំពុងប្រឈមនឹងបញ្ហារលកកម្តៅយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាមក ហើយបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បញ្ហារលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅទូទាំងតំបន់អឺរ៉ុបជាង ១,៣០០ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងហេតុផលផ្សេងៗគ្នា ដូចជាការកើតមានបញ្ហាសុខភាព លង់ទឹក និងគ្រោះថ្នាក់ផ្សេងៗជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express