Dr. Tong ប្រគល់ថវិកាចំនួន ១១០ លានរៀល ដែលបានតាមរយៈការចែករំលែក (share) និងការបញ្ចេញមតិ ក្នុងបណ្ដាញសង្គមរបស់លោក ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយ Dr. Tong និងក្រុមការងារ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១១០ លានរៀល ដែលកៀរគរបាន តាមរយៈចំនួននៃការចែករំលែក (share) និងការបញ្ចេញមតិ (comments) ក្នុងបណ្ដាញសង្គមរបស់លោក ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីខែមិថុនាកន្លងទៅ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

បន្ថែមលើនេះ ក្រុមការងាររបស់ Dr. Tong ក៏បានបរិច្ចាគអាល់កុលចំណុះ ១ម៉ឺនលីត្រ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន Dr. Tong និងក្រុមការងារ ព្រមទាំងអ្នកដែលបានចែករំលែក និងអ្នកបញ្ចេញមតិ នៅក្នុងបណ្ដាញសង្គមរបស់ Dr. Tong ចំពោះការចូលរួមបំផុលចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលជាមហាចលនាសប្បុរសធម៌ដ៏មានតម្លៃចំពោះទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា។
ទោះបីជាយុទ្ធនាការ “ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ដល់ពេលត្រូវបញ្ចប់ក៏ដោយ, ក៏មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់ពុកម៉ែ បងប្អូន និងសាធារណជន ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ជារៀងរាល់ថ្ងៃ ដោយមិនរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។
ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕









ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation