ទឹកជំនន់នៅភាគខាងត្បូងប្រទេសចិនបានធ្វើឱ្យសត្វពស់ជាង ៩០០ក្បាលត្រូវរួចពីកសិដ្ឋាននិងហូរទៅសហគមន៍ប្រជាពលរដ្ឋ
ចិន៖ ទឹកជំនន់នៅតំបន់ Guangxi ភាគខាងត្បូងប្រទេសចិនកំពុងបង្កឱ្យមានគ្រោះថ្នាក់ដ៏កម្រមួយ បន្ទាប់ពីមានសត្វពស់ជាង ៩០០ក្បាលបានរួចពីកសិដ្ឋាន និងបានហូរតាមទឹកទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែកក្កដា បានបញ្ជាក់ថា គិតត្រឹមពេលនេះមានស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយត្រូវសត្វពស់ចឹក។

នៅចំពោះមុខស្ថានការណ៍គ្រោះថ្នាក់នេះ អាជ្ញាធរគ្រប់គ្រងតំបន់ Guangxi បានសម្រេចបង្កើតគ្លីនិកបណ្តោះអាសន្នជាច្រើនកន្លែង ដើម្បីត្រៀមព្យាបាលជនរងគ្រោះដោយសារពស់ចឹកឱ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនថា តំបន់ Guangxi គឺជាមជ្ឈមណ្ឌលចិញ្ចឹមសត្វពស់បែបពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេសចិន ដែលមានសត្វពស់សរុបប្រមាណជា ៣០លានក្បាលត្រូវបានបង្កាត់ពូជសម្រាប់យកធ្វើជាឱសថបុរាណ សម្រាប់យកស្បែក និងយកសាច់ជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time