ផ្សារទំនើបដ៏ធំ និងដំបូងគេបង្អស់នឹងមានវត្តមានក្នុងខេត្តព្រះសីហនុ នៅចុងខែកញ្ញាខាងមុខនេះ
គិតត្រឹមដើមឆ្នាំ ២០១៩ នេះខេត្តព្រះសីហនុ ហាក់ផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ដោយការផ្លាស់ប្ដូរស្ទើរតែគ្រប់វិស័យ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះមួយចំនួនតូចផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខេត្តដ៏មានសក្ដានុពលនេះមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាសំណង់អាគារធំៗ ជាច្រើនកំពុងតែប្រជែងគ្នាក្នុងការសាងសង់ និងវិនិយោគពីបណ្ដាអ្នកជំនួញជាច្រើនមកពីប្រទសផ្សេងៗ។
ជាមួយគ្នានេះដែរកាលពីពេលថ្មីនេះ យោងតាមទំព័រហ្វេសប៊ុក ជាផ្លូវការរបស់ក្រុមហ៊ុន FURI Real Estate បានប្រាប់ឲ្យដឹងថា ផ្សារទំនើបដ៏ធំដំបូងគេបង្អស់ដែលកំពុងដំណើរការសាងសង់ ហើយនឹងបើកដំណើរការជូនអតិថិជនក្នុងពេលឆាប់ៗនេះដែលមានទីតាំងស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ដោយចំណាយទឹកប្រាក់រហូតដល់ជិត ១០លានដុល្លារអាមេរិក ជាមួយនឹងអគារ ៥ ជាន់ដ៏ទំនើប និងធំដំបូងគេបង្អស់ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប FURI TIME SQUARE នឹងផ្ដល់នូវសេវាកម្មល្អ និងភាពសំបូរបែបជាច្រើនសម្រាប់អតិថិជន ជាមួយនឹងហាងអាហារ ហាងសម្លៀកបំពាក់ ម៉ាកល្បីៗនៅជុំវិញពិភពលោក ជាពិសេសរោងភាពយន្តដ៏ទំនើបដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើជូនអតិថិជននៅចុងខែកញ្ញាខាងមុខនេះផងដែរ៕


អត្ថបទ៖ លីនី