ការសិក្សាមួយបានបង្ហាញថា គេងមិនឆ្អែតនឹងធ្វើឲ្យយើងឡើងគីឡូខ្លាំង
ការគេងមិនបានគ្រប់គ្រាន់បានបង្កឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ប្រសិទ្ធភាពនៃការធ្វើការងារធ្លាក់ចុះ រាងកាយគ្មានថាមពលគ្រប់គ្រាន់ ឆាប់មួមៅ ឆាប់ខឹង និងឆាប់បង្កជំលោះជាមួយអ្នកដទៃទៀតផង។ ក្រៅតែពីហេតុផលទាំងនេះការសិក្សាមួយក៏បានរកឃើញដែរថា ការគេងមិនបានគ្រប់គ្រាន់ជាមូលហេតុមួយធ្វើឲ្យលោកអ្នកធាត់លើសទម្ងន់។ ការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងបានសិក្សានៅលើមនុស្ស ១៧២ នាក់ ផ្សេងគ្នា។
លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលគេងមិនបានគ្រប់គ្រាន់នឹងមានទំនោរចង់ញ៉ាំអាហារច្រើនជាងធម្មតានៅថ្ងៃបន្ទាប់។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ អ័រម៉ូនក្នុងរាងកាយធ្វើឲ្យលោកអ្នកចង់ញ៉ាំតែប្រភេទអាហារដែលមានជាតិផ្អែម និងខ្លាញ់ច្រើន។ ដូចនេះក្នុងករណីដែលលោកអ្នកគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេល ២ សប្តាហ៍ជាប់គ្នាមានន័យថា លោកអ្នកនឹងបង្កើតទម្លាប់ញ៉ាំអាហារច្រើនជាងធម្មតា ២ សប្តាហ៍ដែរ ហើយវាគឺជាហេតុផលមួយដែលជំរុញឲ្យលោកអ្នកធាត់លើសទម្ងន់។ លោកអ្នកគួរគេងឲ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ ហើយសម្រាប់អ្នកមានអាយុច្រើនចំនួនម៉ោងនៃការគេងអាចថយចុះបន្តិច៕
អត្ថបទ: ភក្តី



