ព័ត៌មានជាតិ

សមត្ថកិច្ចចុះចាប់ឃ្លាំងលក់ម៉ាស៊ីនភ្លើងអត់ពន្ធប្រមាណជាង៦០គ្រឿង​ របស់ជនជាតិចិន​ នៅក្រុងព្រះសីហនុ

BY
Khmernote Media
July 11, 2019

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន។

ការចុះឆែកឆេរនេះបន្ទាប់ពី សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។ ឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែងមានទីតាំង ១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន និង ២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ។

ករណីនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវអោយម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធនិងបើគ្មានឯកសារត្រឹមត្រូវ តម្រូវអោយម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិនយ័តាមនិតិវិធីច្បាប់ ។ មន្ត្រីគយថ្លែងបញ្ជាក់ដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសអោយប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរនិងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ​៖ ណារ៉ែន

Share This Post: