ជួយគំាទ្រផង! កូនខ្មែរបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកឌីស្សាញពីប្រទេសថៃ បង្កើតប្រដាប់ដាក់សម្ភារការិយាល័យនៅលើតុ
គំនិតច្នៃប្រឌិតរបស់កូនខ្មែរក្នុងការផលិតនូវរបស់ប្រើប្រាស់ដែលមានភាពច្នៃប្រឌិតខ្ពស់(creative object)ដើម្បីលើកស្ទួយវិសយ័សិប្បកម្ម ផលិតផលក្នុងប្រទេស (Made in Cambodia) ក៏ដូចជាការលើកស្ទួយមោទកភាពប្រទេសខ្មែរ។ យុវជនខ្មែរ ចាន់ សុធារិន្ទ បានមានគំនិតចង់បង្កើតផលិតផលច្នៃប្រឌិដ្ឋ ក្រោយបានត្រលប់មកប្រទេសខ្មែរវិញពីការបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកឌីស្សាញ (architecture design) ពីប្រទេសថៃ។

ដោយសារមានការរស់នៅប្រទេសថៃជិត ១០ឆ្នាំ ហើយបានឃើញយុវជនប្រទេសគេមានគំនិតមានស្នាដៃបង្កើតនូវអ្វីដែលថ្មីៗ ដែលធ្វើអោយពិភពលោកស្គាល់ និងសរសើរប្រទេសគេកាន់តែច្រើនឡើងៗ។ ដោយក្រឡេកមើលមកប្រទេសខ្មែរយើងវិញ ទេពកោសល្យ និងគំនិតរបស់យុវជនខ្មែរជាច្រើននាក់ក៏មិនចាញ់បរទេសប៉ុន្មានទេ តែដោយសារកត្តាគ្មានឱកាស និងគ្មានការជួយជ្រោមជ្រែងដូចប្រទេសផ្សេងៗ ដែលជាបញ្ហាសំខាន់របស់យុវជនខ្មែរយើងក្នុងការបង្កើតឬផលិតអ្វីមួយអោយបានជោគជ័យ។ គំនិតនិងមានឆន្ទះក្នុងការលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរ គាត់ក៏បានបង្កើតជាសិប្បកម្មផ្ទាល់ខ្លួនតូចមួយដែលមានឈ្មោះថា របស់(Roboz) ដោយមានការបបួលយុវជនដទៃទៀត ដូចជាយុវជន គង់ ចំរើន ជាដើម ដែលមានជំនាញឌីស្សាញ និង មានឆន្ទះគោលគំនិតដូចគ្នា ដើម្បីជួយជំរុញអោយសិប្បកម្មមួយនេះលេចចេញជារូបរាង ដើម្បីបង្ហាញទៅទីផ្សារពិភពលោកអោយបានស្គាល់ផលិតផលដែលផលិតនៅប្រទេសកម្ពុជាដោយកូនខ្មែរ។

ផលិតផលដំបូងរបស់ របស់(Roboz) គឺ អុីកាម៉ាស(E-kamaz) ដែលជាផលិតផលប្រើប្រាស់លើតុសំរាប់ការិយាល័យ តុធ្វើការផ្ទាល់ខ្លួន ឬតុរៀនផ្ទាល់ខ្លួននៅផ្ទះ តុសំអាងរបស់នារីៗ ឬក៏តុក្បាលគ្រែ ដោយវាមានគុណសម្បត្តិ និងតួនាទីប្រើប្រាស់បានច្រើនយ៉ាងដូចជា ប្រអប់ដាក់របស់ប្រើប្រាស់លើតុ ប្រអប់ដាក់បុិចឬខ្មៅដៃ ជារបស់សំរាប់ដាក់តាំងទូរសព្ទ័បានទាំងបញ្ឈរទាំងផ្តេក ជាពិសេសមានភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា សាកថ្មឥតខ្សែ(Wireless charger)ដែលអាចដោះយកដាក់តាមខ្លួនបាន ព្រមទាំងភ្ជាប់មកនូវឌុយរន្ធ USB សាកថ្មទូរសព្ទ័សម្រាប់ទូរសព្ទ័ណាដែលមិនអាចសាកឥតខ្សែបាន។

ផលិតផល អុីកាម៉ាស(E-kamaz)ត្រូវបានឌីស្សាញយ៉ាងសម្រិតសម្រាំង ដោយភ្ជាប់ទៅនឹងគំនិត ទម្រង់តូចបំផុតជាមួយមុខងារអតិបរិមា (Concept: minimalist form with maximalist functions)។ ទន្ទឹមនឹងមុខងារច្រើនមុខ ចំពោះរូបរាងវិញឌីស្សាញវិញគឺយើងចង់រំលឹកពីកុមារភាពហើយចង់យកភាពចងចាំកាលពីវ័យកុមារដែលធ្លាប់លេងកូនឡានតូចៗ យកមកធ្វើជារបស់ប្រើប្រាស់ប្រចាំថ្ងៃនៅលើតុធ្វើការរបស់យើងវិញ។ សង្ឃឹមថាប្រជាជនខ្មែរយើងជួយគាំទ្រនិងជួយចែករំលែកនូវផលិតផលដែលជាស្នាដៃកូនខ្មែរទាំងអស់គ្នា៕









