ក្នុងថ្ងៃរៀបការកូនក្រមុំសួរទៅកូនកំលោះថា ១៥ + ៦ ស្មើប៉ុន្មាន? គ្រាន់តែលឺកូនកំលោះឆ្លើយថា ១៧ ភ្លាម កូនក្រមុំឈប់រៀបការជាមួយភ្លែតតែម្តង
ឥណ្ឌា៖ ស្ត្រីជាកូនក្រមុំម្នាក់បានសម្រេចលុបចោលកម្មវិធីមង្គលការភ្លាមៗខណៈកម្មវិធីកំពុងប្រព្រឹត្តិទៅបានពាក់កណ្តាលផ្លូវទៅហើយ ដែលការសម្រេចចិត្តយ៉ាងរហ័សនេះក៏ព្រោះតែនាងបានសួរទៅកូនកំលោះថា តើ ១៥ បូក ៦ ស្មើប៉ុន្មាន? ហើយកូនកំលោះបានឆ្លើយថា ១៧ ។ ស្តាប់មើលទៅសាច់រឿងនេះដូចជាចម្លែកបន្តិច តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងក្រុង Kanpur រដ្ឋ Uttar ប្រទេសឥណ្ឌា។ ពិធីមង្គលការនេះគឺជាពិធីរៀបការ ដែលកើតចេញពីការផ្សំផ្គំពីសំណាក់ចាស់ទុំ ខណៈកូនក្រមុំ និងកូនកំលោះមិនដែលស្គាល់គ្នានោះទេ។ មុនពេលរៀបការឪពុកម្តាយខាងប្រុសបានប្រាប់ថា កូនប្រុសរបស់ពួកគាត់ជាមនុស្សល្អ មានចំណេះដឹងខ្ពស់ និងចេះរកស៊ីសល់លុយកាក់ជាច្រើន។

នៅក្នុងថ្ងៃរៀបការដែលត្រូវបានគេរៀបចំតាមប្រពៃណីបុរាណឥណ្ឌានោះ កូនក្រមុំនិងកូនកំលោះត្រូវសួរគ្នាម្នាក់ពីរបីសំណួរជុំវិញបញ្ហាស្នេហា និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណាក្តី ស្រ្តីជាកូនក្រមុំមិនបានសួរទាក់ទងនឹងស្នេហាឡើយដោយនាងបានផ្ដើមសំណួរដំបូងគឺសួរថា តើ១៥ បូក ៦ ស្មើប៉ុន្មាន? ដោយមិនបានរៀនសូត្រ និងជាមនុស្សមិនសូវវ័យឆ្លាតនោះ កូនកំលោះបានឆ្លើយវិញថា ស្មើ ១៧ ដែលជាចម្លើយដ៏ហួសចិត្តមួយសម្រាប់កូនក្រមុំ។ ក្រោយដឹងថាកូនកំលោះជាមនុស្សគ្មានចំណេះដឹង ទាំងកូនក្រមុំនិងឪពុកម្តាយនាងក៏សម្រេចចិត្តលុបចោលកម្មវិធីមង្គលការ និងចែកផ្លូវគ្នាត្រឹមនេះតែម្តង៕

អត្ថបទ៖ ភក្តី