ប៉ូលិសថៃចាប់ខ្លួនស្រ្តីម្នាក់ និងរឹបអូសបានលុយដុល្លារក្លែងក្លាយទាំងខ្សែៗ
ថៃ៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសថៃធ្វើការចាប់ខ្លួន និងរឹបអូសបានលុយដុល្លារក្លែងក្លាយប្រមាណជាជាង ៥០ម៉ឺនដុល្លារនៅក្នុងផ្ទះរបស់គាត់។ ស្ត្រីដែលត្រូវបានគេចាប់ខ្លួននោះមានឈ្មោះថា Masaras Nitisakyothin អាយុ ៥៤ ឆ្នាំ រស់នៅក្នុងផ្ទះមួយកន្លែងក្នុងស្រុកមឿង ខេត្តឈៀងរៃ ភាគខាងជើងប្រទេសថៃ។ ក្នុងប្រតិបត្តិការចាប់ខ្លួនស្រ្តីរូបនេះប៉ូលិសបានរកឃើញហឹបដាក់លុយចំនួនពីរនៅក្នុងផ្ទះរបស់គាត់ដោយក្នុងហឹបទីមួយមានលុយក្រដាស ១០០ ដុល្លារចំនួន ៤,៩៤៩ សន្លឹក និងនៅក្នុងហឹបទីពីរមានលុយក្រដាស ១០០ ដុល្លារដូចគ្នា ចំនួន ៥២៤ សន្លឹក។ ក្រៅតែរឹបអូសបានលុយក្លែងក្លាយទាំងនេះ ប៉ូលិសក៏បានរកឃើញក្រដាសទទេដែលមានទំហំប៉ុនក្រដាសប្រាក់ ១០០ ដុល្លារជាច្រើនសន្លឹកទៀត ដែលជនខិលខូចគ្រោងនឹងបោះពុម្ពជាលុយក្លែងក្លាយបន្ថែមទៀត។

ក្រោយការចាប់ខ្លួន ពេលនេះស្រ្តីជាម្ចាស់លុយក្លែងក្លាយរូបនេះត្រូវបានប៉ូលិសធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ហើយបើយោងតាមច្បាប់ក្នុងប្រទេសថៃគាត់ត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំផងដែរ។ ជាមួយគ្នានេះ ប៉ូលិសថៃក៏បានបន្តបើកការស៊ើបអង្កេតជុំវិញករណីនេះជាពិសេសបន្ថែមទៀតផងដែរ ព្រោះគេជឿថាលោកស្រី Masaras Nitisakyothin មិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេគឺគាត់មានក្រុម និងបណ្តាញការងារជាច្រើននាក់ទៀត៕
អត្ថបទ៖ ភក្តី








