ថៃគ្រោងដាក់លក់ដេញថ្លៃរថយន្តទំនើបៗ ៤០០ គ្រឿង ដែលរឹបអូសបានពីជនខិលខូច
ថៃ៖ អគ្គនាយកដ្ឋានគយប្រចាំនៅប្រទេសថៃគ្រោងនឹងដាក់ដេញថ្លៃរថយន្តប្រណិតប្រមាណជា ៤០០ គ្រឿង ដែលស្ថាប័នមួយនេះរឹបអូសបានពីជនខិលខូចនាំមកលក់នៅក្នុងប្រទេសថៃដោយខុសច្បាប់។ សូមរម្លឹកជូនថា ចាប់តាំងពីឆ្នាំ ២០១៧ មក មន្ត្រីគយរបស់ថៃបានធ្វើការរឹបអូសយករថយន្តប្រណិតជាបន្តបន្ទាប់សរុប ៤០០ គ្រឿង យកមករក្សាទុក ក្រោយក្រសួងដឹកជញ្ជូនថៃបានបដិសេដមិនព្រមចុះបញ្ជីស្របច្បាប់ឲ្យរថយន្តទាំងនោះឡើយ។
ការតាមរកឃើញរបស់មន្ត្រីគយថៃបានបង្ហាញថា រថយន្តប្រណិតទាំងនោះត្រូវបានជនខិលខូចបន្លំឯកសារនាំចូលដោយដាក់ថា ពួកវាជាប្រភេទរថយន្តចាស់ ឬខូចដែលមានតម្លៃថោកៗ ដើម្បីគេចចេញពីការបង់ពន្ធជូនរដ្ឋាភិបាលទៅតាមតម្លៃជាក់ស្ដែងរបស់រថយន្ត។ បើយោងតាមលោក Krisada Chinavicharana អគ្គនាយកនៃអគ្គនាយកដ្ឋានគយប្រចាំប្រទេសថៃបានឲ្យដឹងថា ដើម្បីដាក់ដេញថ្លៃរថយន្តទាំងនោះគេនឹងលុបចោលនូវលិខិតបញ្ជាក់ចាស់ៗរថយន្តទាំងនោះសិន ព្រោះវាជាឯកសារក្លែងក្លាយ ហើយអ្នកដែលអាចឈ្នះការដេញថ្លៃយករថយន្តទាំងនេះនឹងតម្រូវឲ្យចុះបញ្ជីនាំចូលរថយន្តថ្មីមួយទៀត និងបង់ថ្លៃពន្ធតាមតម្លៃជាក់ស្ដែងរបស់រថយន្តនីមួយៗ។
សូមបញ្ជាក់ផងដែរថា សម្រាប់នៅក្នុងប្រទេថៃការដេញថ្លៃម្តងរដ្ឋាភិបាលអាចនឹងទទួលបានចំណូលប្រមាណជា ៥០០ លាន ទៅ ១ ០០០ លានបាត (១៦ ៣២០ ៧៥០ ទៅ ៣២ ៦៤១ ៥០០ ដុល្លារអាមេរិក)៕


អត្ថបទ៖ ភក្តី