ហុងកុងព្រមានអាមេរិកមិនឲ្យលូកដៃរឿងផ្ទៃក្នុងខ្លួន ខណៈក្រុមសិស្សសាលារាប់ពាន់នាក់នាំគ្នាចេញតវ៉ាដែរ
ក្រុមសិស្សសាលាថ្នាក់អនុវិទ្យាល័យនៅក្រុងហុងកុងរាប់ពាន់នាក់បានឈរបន្តគ្នាជាច្រវាក់មួយខ្សែយ៉ាងវែង ដើម្បីបង្ហាញនូវការតវ៉ាយ៉ាងស្ងៀមស្ងាត់ទៅកាន់រដ្ឋាភិបាលក្នុងការទាមទាឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅក្នុងដែនដីស្វយ័តរបស់ប្រទេសចិនមួយនេះ។ ការតវ៉ាបែបស្ងៀមស្ងាត់នេះបានធ្វើឡើងក្រោយរដ្ឋាភិបាលហុងកុងធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះឥរិយាបថខុសច្បាប់ និងអំពីហិង្សាដែលក្រុមបាតុករបានធ្វើកន្លងមក ហើយរដ្ឋាភិបាលក៏បានព្រមានមិនឲ្យរដ្ឋាភិបាលបរទេសលូកដៃក្នុងរឿងនេះដែរ។ ក្រុមសិស្សសាលាបាននាំគ្នាឈរស្ងៀមស្ងាត់យ៉ាងយូរ និងមានពាក់ម៉ាស់ការពារផ្សែងផងដើម្បីបង្ហាញនូវការតវ៉ាទៅកាន់រដ្ឋាភិបាលខ្លួន និងស្នើសុំជំនួយពីអាមេរិក។

សូមរម្លឹកជូនថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលហុងកុងបានសម្រេចដកបត្យាប័នដែលជាដើមហេតុនៃការតវ៉ានេះហើយ តែប្រជាពលរដ្ឋហុងកុងនៅតែមិនឈប់តវ៉ាឡើយ ដោយពួកគេបន្តទាមទាជាច្រើនករណីទៀតដូចជាការបង្កើតច្បាប់បោះឆ្នោតជាតិដោយផ្ទាល់ជាដើម។ ក្រោយមានការតវ៉ាដោយស្ងៀមស្ងាត់ពីសំណាក់ក្រុមសិស្សសាលាបានបន្តិច អំពើហឹង្សាមួយផ្សេងទៀតបានកើតឡើងដដែល ដោយក្រុមបាតុករមួយចំនួនបាននាំគ្នាទៅបំផ្លាញស្ថានីយ៍រថភ្លើងក្រោមដី ហើយខាងប៉ូលិសក៏បានប្រើគ្រាប់បែកផ្សែងដើម្បីបង្ក្រាបពួកគេ៕
អត្ថបទ៖ ភក្តី