អន្តរជាតិ

ជប៉ុន ចង់យកទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅបោះចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

BY
Khmernote Media
September 12, 2019

ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនទើបតែប្រកាសជាសាធារណៈថា គេអាចនឹងយកទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅបោះបង់ចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ១១ ខែមីនា​ ឆ្នាំ ២០១១ កន្លងទៅនេះមានគ្រោះរញ្ជួញដីមួយបានវាយប្រហារនៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ហើយក្នុងហេតុការណ៍នោះមានរ៉េអាក់ទ័រចំនួនបីបានរងនូវការខូចខាត និងបានធ្វើឲ្យមានការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសផងដែរ ហើយដើម្បីរក្សាសុវត្ថិភាពមានមនុស្សចំនួន ១៦០ ០០០ នាក់ត្រូវបានគេជម្លៀសចេញពីតំបន់នោះភ្លាមៗផងដែរ។

ក្នុងរយៈពេល ៨ ឆ្នាំមកនេះ គេបានប្រើប្រាស់ទឹកបរិសុទ្ធយកទៅស្រោចពីលើរ៉េអាក់ទ័រទាំងនោះ ដើម្បីទប់ស្កាត់ការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាស។ ព្រោះតែហេតុនេះហើយទើបធ្វើឲ្យមានទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរយ៉ាងច្រើន ដែលគេគ្រោងនឹងយកទៅបោះចោលនេះ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nextshark បានឲ្យដឹងថា ទឹកវិទ្យុសកម្មសរុបមកទល់នឹងពេលនេះមានចំនួនច្រើនជាង ១ លានតោន និងត្រូវបានរក្សាទុកនៅក្នុងធុងចំនួន ៩០០ ផ្សេងគ្នា។ តាមគម្រោងរបស់ក្រសួងបរិស្ថានជប៉ុនគេចង់យកទឹកវិទ្យុសកម្មទាំងនេះទៅកប់ចោលនៅក្នុងបាតសមុទ្រប៉ាស៊ីហ្វិក និងទុកឲ្យវារលាយនៅទោះតែម្តង ព្រោះគេមិនអាចរកបានកន្លែងណាល្អជាងនេះឡើយសម្រាប់ចោលវា។ យ៉ាងណាក្តី នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយការសម្រេចផ្លូវការចុងក្រោយនឹងត្រូវធ្វើឡើងក្រោយមានការពិភាក្សានិងសិក្សាយ៉ាងល្អិតល្អន់ និងមានការអនុញ្ញាតជាផ្លូវការពីលោកនាយករដ្ឋមន្ត្រីជប៉ុនផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: