សិស្សនិទ្ទេស A នៅខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ដែលបង្កើតវគ្គបំប៉នត្រៀមប្រឡងបាក់ឌុប ធ្វើឲ្យនាងបានរៀនរហូតបាននិទ្ទេសល្អបែបនេះ
បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ រួចមក យើងឃើញបេក្ខជនដែលជាប់មានរហូតដល់ចំនួន ៧៩ ០៥២ ហើយបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B ២៤៣០នាក់ និទ្ទេស C ៥៨៤៧នាក់ និទ្ទេស D ១៤ ១០០នាក់ និង និទ្ទេស E ៥៦ ២៣២នាក់។ ក្នុងនោះផងដែរ ប្អូនស្រី ហង់ សុខខេន ជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើន ដែលទទួលបាននិទ្ទេស A បានធ្វើបង្ហោះសារថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កើតសិក្សាក្នុងវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រហូតធ្វើឲ្យប្អូនប្រឡងជាប់បាននិទ្ទេសល្អបែបនេះ។
ប្អូនស្រីបានឲ្យដឹងដូច្នេះថា «នាងខ្ញុំឈ្មោះ ហង់ សុខខេន ជាសិស្សនិទ្ទេស A មកពីវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែបរសេដ្ឋ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ស.ស.យ.ក. ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្ដួចផ្ដើមគំនិតបង្កើតវគ្គបំប៉ន សៅរិ៍ អាទិត្យ សម្រាប់ជាជំនួយដល់សិស្សានុសិស្សឲ្យមានសមត្ថភាពបន្ថែមលើម៉ោងសិក្សាគោល។ ឆ្លងកាត់វគ្គបំប៉ន ស.ស.យ.ក. នេះ គឺបានធ្វើឲ្យរូបនាងខ្ញុំមានសមត្ថភាពបន្ថែម ហើយអាចទទួលបាននិទ្ទេស A ព្រមទាំងមិត្តភក្ដិដែលរៀននៅសាលាវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋបានប្រលងជាប់និទ្ទេសល្អច្រើន។»
ឆ្លៀតក្នុងឱកាសនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជាក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងរាជធានីខេត្ត និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងវគ្គបំប៉នស.ស.យ.ក. ហើយបានរួមចំណែកនៅក្នុងការធ្វើឲ្យប្អូនៗកាន់តែមានចំណេះបន្ថែម និងតៀមខ្លួនរួចជាស្រេចក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ៕

អត្ថបទ៖ សេម
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា



