យុវជនថៃរាប់រយនាក់ធ្វើកូដកម្មនៅមុខក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យមានការចាត់វិធានការលើការប្រែប្រួលអាកាសធាតុ
ថៃ៖ យុវជនប្រមាណ ២០០នាក់ បានវាយលុកចូលក្រសួងបរិស្ថាននៅថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការប្រែប្រួលអាកាសធាតុ ដែលនេះជាចលនា “Global Climate Strike” ដែលមានការចូលរួមពីកូដកររាប់ពាន់នាក់នៅជុំវិញពិភពលោក។ ក្នុងនោះផងដែរកូដករវ័យក្មេងទាំងនោះបានស្រែកឡើងថា “សង្គ្រោះផែនដីយើង” មុនពេលពួកគេដេកទៅលើដី ដើម្បីធ្វើត្រាប់ជាមនុស្សស្លាប់។ ពួកគេនិយាយថា ប្រសិនបើគ្មានការដោះស្រាយលើការប្រែប្រួលអាកាសធាតុទេ ការស្លាប់នឹងរត់មករកយើងជាមិនខាន។

ថ្ងៃនេះពួកគេនឹងទាមទារឱ្យរដ្ឋាភិបាលថៃ ប្រកាសអាសន្នអំពីអាកាសធាតុ និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ក្នុងនោះផងដែរពួកគេបាននិយាយថា ពួកគេមិនល្ងង់ ហើយក៏ដឹងច្បាស់ថាមានអ្វីកំពុងកើតឡើង។ ពួកគេក៏មិនចូលទៅប្រឡងអ្វីដែរ ប្រសិនបើគ្មានការចាត់វិធានការ។ យ៉ាងណាមិញមន្ដ្រីម្នាក់ នៃក្រសួងធនធាន និងបរិស្ថាន បានយល់ស្រប់ជាមួយនឹងការទាមទារនេះ ហើយគាត់និយាយថា នេះជារបៀបដែលយុវជនសម្ដែងការព្រួយបារម្ភ ដែលយើងចាត់ទុកថាវាជាសញ្ញាល្អ ហើយមិនមែនជាការរំខានអ្វីទេ៕

អត្ថបទ៖ លីដា