គូសង្សារមិនទាន់រៀបការស្របច្បាប់ ហើយរួមភេទនៅកោះបាលី នឹងអាចត្រូវជាប់ពន្ធនាគារ
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីគឺជាកន្លែងដ៏ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យជឿ ជាពិសេសគូស្នេហ៍ដែលតែងតែជ្រើសយកកោះបាលី ជាគោលដៅទេសចរណ៍របស់ពួកគេ។ ខណៈដែលប្រទេសនេះប្រកាន់ខ្ជាប់នូវច្បាប់អ៊ីស្លាមតឹងរ៉ឹងគួរឱ្យកត់សម្គាល់ ពួកគេនឹងមានការណែនាំច្បាប់ថ្មី ដែលហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍ ហើយច្បាប់នេះនឹងអនុវត្តចំពោះមនុស្សគ្រប់គ្នា។ ទោះបីជាការរួមភេទត្រូវបានព្រមព្រៀងគ្នាក៏ដោយ អ្នកដែលរួមភេទដែលមិនបានរៀបការ ឬអ្នកមិនទាន់រៀបការប៉ុន្តែរស់នៅជាមួយគ្នានឹងត្រូវជាប់ពន្ធនាគារទាំងអស់។

អ្នកមានពិរុទ្ធអាចជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទ “ការប្រព្រឹត្តអំពើអាសអាភាសនៅទីសាធារណៈ” ហើយច្បាប់នេះក៏កំពុងបង្កការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្ស ដោយពួកគេនិយាយថា ច្បាប់ថ្មីនេះវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ហើយពួកគេក៏បារម្ភដែរថា ច្បាប់នេះអាចធ្វើឱ្យអ្នកទេសចរដែលរៀបការរួចមានការពិបាកជាមួយនឹងហានិភ័យផ្សេងៗ ឧទាហរណ៍ពួកគេអាចនឹងត្រូវបានគេចោទថា មិនបានរៀបការត្រឹមត្រូវជាដើម។ មានការផ្ទុះឡើងនៅកោះបាលី និងឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនខែមកហើយ ដោយអាជ្ញាធរ និងអ្នកនយោបាយហាក់បីដូចជាធុញទ្រាន់នឹងភ្ញៀវទេសចរដែលមកចោមរោមនៅឆ្នេរសមុទ្ររបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីធ្វើអំពើមិនគប្បី៕

អត្ថបទ៖ លីដា