យូ ប៊ីន បង្ហើរសំនៀងមួយបទយ៉ាងពីរោះក្នុងខ្សែភាពយន្តខ្មែរមួយដែលខ្លួនសម្តែងជាតួឯកនៅភីអិនអិន
តារាសម្តែងស្រីវ័យក្មេង អង្រួនបេះដូងហ្វេនៗក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន និងភាគច្រើនគេឃើញវត្តមានកញ្ញា ចាប់ដៃគូជាមួយនឹងលោក ខាត់ វ៉ៃហាំងនោះ គឺ កញ្ញា យូ ប៊ីន ហាក់ដូចជាកំពុងតែឆក់បានប្រជាប្រិយភាពលើការសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង។សម្រាប់ការងារសិល្បៈក្នុងឆ្នាំ ២០១៩ េនះដែរ នាងតូចស្រីស្រស់រូបនេះ ទទួលបានតំណែងតួឯកថ្មីមួយទៀត ក្នុងរឿងដែលកំពុងធ្វើការចាក់ផ្សាយនៅលើទូរទស្សន៍ភីអិនអិន គឺ រឿងនិស្ស័យស្នេហ៍នាងមនោរាហ៍ ។ នៅក្នុងសាច់រឿងនេះ កញ្ញា សម្តែងជាតួនាងមនោរាហ៍ ដែលជាតួអង្គកម្សត់ រងគ្រោះពីវណ្ណៈគ្រួសារ និងស្នេហាត្រីកោណ ។ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យអ្នកទស្សនាលន្លង់លន្លោច អមទៅដោយបទចម្រៀងមួយបទគឺបទ«ដង្ហើមស្នេហ៍» ដែលច្រៀងរៀបរាប់ពីទុក្ខសោកនារីម្នាក់ ក្នុងរឿងវិបត្តិស្នេហា ហើយបទនេះទៀតសោតកញ្ញាក៏បានបង្ហើរសំនៀងដ៏ស្រទន់នៅក្នុងចម្រៀងមួយបទនេះដែរ។

អ្នកគាំទ្រជាច្រើនដែលពេញចិត្តទៅលើការសម្តែង និងជាពិសេសរូបសម្រស់របស់តារាស្រី មុខមាត់គួរឱ្យស្រឡាញ់ រាងតូចច្រឡឹងរូបនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងដែលបានទាំងទស្សនាការសម្តែងផង ជាមួយនឹងទឹកដមសំនៀងរបស់កញ្ញាផង។ យ៉ាងណាមិញ ក៏នៅមានឈុតឆាកសាច់រឿងល្អៗមើលបន្តទៀត ដែលក្នុងនោះ កញ្ញា យូ ប៊ីន ហាក់ដូចជាដាក់មនោសញ្ចេតនាយ៉ាងជ្រៅលើការសម្តែងដើម្បីឱ្យទទួលបានសាច់រឿងមួយដូចជាពិតៗតែម្តង។ កុំភ្លេច រង់ចាំតាមដានទស្សនាដែលមានការផ្សាយជូនពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់ និងចង់ដឹងថា តើសំឡេងតារាសម្តែង កញ្ញា យូ ប៊ីន មានសំនៀងពីរោះយ៉ាងណានោះ សូមទស្សនា និងស្តាប់ទាំងអស់គ្នា។
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/PNNTVCambodia/videos/2425412740869428/
បទចម្រៀងក្នុងរឿង និស្ស័យស្នេហ៍នាងមនោរាហ៍«ដង្ហើមស្នេហ៍» ច្រៀងដោយ កញ្ញា យូ ប៊ីន


