ហួសចិត្ត! កុំម្ម៉ង់ទិញឧបករណ៍កោរពុកមាត់តាមអនឡាញ ដល់បើកប្រអប់មើលទំនិញនិយាយលែងចេញតែម្តង
ប្រទេសចិន ៖ ការទិញទំនិញតាមអនឡាញជាមធ្យោបាយមួយ ដែលអតិថិជននិយមចូលចិត្តប្រើក្នុងពេលបច្ចុប្បន្ន ការទិញបែបនេះអាចមានតម្លៃទាបជាងទីផ្សារ តែក៏មានហានិភ័យខ្ពស់ដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលបុរសជនជាតិចិនម្នាក់ទទួលបានដំឡូងបារាំងជំនួសអោយឧបករណ៍កោរពុកមាត់ ដែលគាត់បានកុំម្ម៉ង់ទិញ។ តាមប្រភពបានអោយដឹងថាលោក Liu រស់នៅក្នុងខេត្ត Shaanxi បានធ្វើការកុំម្ម៉ង់ទិញឧបករណ៍កោរពុកមាត់តាមផ្សារអនឡាញក្នុងស្រុកមួយ។

អ្វីដែលធ្វើអោយហួសចិត្តនោះគាត់មិនទទួលបានឧបករណ៍កោរពុកមាត់ ដែលខ្លួនបានកុំម្ម៉ង់ទិញទេ បែរជាឃើញតែដំឡូងបារាំងមួយផ្លែក្នុងប្រអប់ ដែលផ្ញើរមកអោយនោះទៅវិញ។ តាមសម្តីរបស់លោក Liu គាត់ឃើញផ្សារអនឡាញមួយគាត់មានការបញ្ចុះតម្លៃពិសេស គាត់សម្រេចទិញឧបករណ៍កោរពុកមាត់មួយពីកន្លែងនោះ។
គាត់បានចែករំលែក link ឧបករណ៍ ដែលខ្លួនបានទិញនៅលើបណ្តាញសង្គម ដើម្បីទទួលបានការបញ្ចុះតម្លៃ ក្រោមការជួយរបស់មិត្តភក្តិ៥០០នាក់គាត់ទទួលបានការបញ្ចុះដល់ទៅ១០០%។ នោះដល់ថ្ងៃកំណត់ទំនិញក៏បានផ្ញើរមកដល់ផ្ទះ តែដល់ពេលបើកឃើញហួសចិត្តអស់អីនិយាយតែម្តង។ លោក Liu ព្យាយាមទាក់ទងទៅសាកសួរអ្នកលក់ដែលគាត់បានធ្វើការកុំម្ម៉ង់ទិញទំនិញនេះដែរ តែគេមិនបានផ្តល់នូវការបកស្រាយច្បាស់លាស់ណាមួយមកអោយលោកនេះទេ៕

អត្ថបទ ៖ Mali
ប្រភព ៖ thecoverage