គួរឱ្យសោកស្ដាយបំផុត! បុរសម្នាក់មុជចូលក្នុងទឹកដើម្បីសុំសង្សាររៀបការ ប៉ុន្តែក៏លង់ទឹកស្លាប់ទាំងមិនទាន់បានឮនាងឆ្លើយថា “យល់ព្រម”
ថ្មីៗនេះមានរឿងរ៉ាវគួរឱ្យសោកស្ដាយ និងខ្លោចចិត្តជាពន់ពេក ដោយបុរសម្នាក់គាត់បានមុជចូលក្នុងទឹកដើម្បីសុំនារីជាសង្សាររៀបការ ប៉ុន្តែជាអកុសលគាត់បានលង់ទឹកស្លាប់ទាំងមិនទាន់បានឮផ្ទាល់ត្រចៀកនូវចម្លើយឆ្លើយថា “យល់ព្រម” ពីនារីដែលគាត់ស្រឡាញ់បំផុត។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលជាថ្ងៃទី៣ នៃដំណើរកម្សាន្តរយៈពេល ៤ថ្ងៃ របស់គូស្នេហ៍ជនជាតិអាមេរិកលោក Steven Weber និងនាង Kenesha Antoine នៅពេលពួកគេទៅលម្ហែកាយនៅផ្ទះលើទឹកមួយកន្លែង នៅឯរីសត The Manta ប្រទេសតង់ហ្សានី។

តាមប្រភព BBC បានឱ្យដឹងថា លោក Steven Weber គាត់បានមុជចូលក្នុងជម្រៅ ១០ម៉ែត្រ ដែលគាត់មិនធ្លាប់បានហាត់រៀនពីមុនមកទេ។ ក្នុងវីដេអូក៏បានបង្ហាញដែរថា គាត់បានព្យាយាមបង្ហាញសារដែលគាត់បានសរសេរនៅលើក្រដាស នូវអ្វីដែលគាត់ចង់និយាយទៅកាន់មិត្តស្រីរបស់គាត់ រួមជាមួយនឹងប្រអប់ចិញ្ចៀនដើម្បីសុំនាងរៀបការជាគូអនាគត។ នៅលើក្រដាសគាត់បានសរសេរថា៖ “ខ្ញុំមិនអាចទប់ដង្ហើមរបស់ខ្ញុំបានយូរដើម្បីប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់អំពីអ្នកនោះទេ។ ប៉ុន្តែ … អ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់អំពីអ្នក ខ្ញុំស្រឡាញ់កាន់តែច្រើនជារៀងរាល់ថ្ងៃ!”។ ក្រោយមកនៅថ្ងៃទី២០ ខែកញ្ញា គ្រួសាររបស់គាត់ក៏បានសរសេរសារនៅលើបណ្ដាញ និងប្រាប់ដល់គ្រប់គ្នាអំពីការបាត់បង់ដ៏ធំធេងរបស់ពួកគេ៕



អត្ថបត៖ លីដា