ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការអប់រំនៅថ្នាក់មតេយ្យ និងសេវាថែទាំកុមារនៅជប៉ុន នឹងមិនត្រូវបានគិតថ្លៃសេវាទៀតនោះទេ

    BY autoadmin October 1, 2019
    ការអប់រំនៅថ្នាក់មតេយ្យ និងសេវាថែទាំកុមារនៅជប៉ុន នឹងមិនត្រូវបានគិតថ្លៃសេវាទៀតនោះទេ

    នៅថ្ងៃអង្គារនេះជប៉ុនបានសម្រេចឱ្យតាមសាលាមត្តេយ្យ និងកន្លែងមើលថែកុមារឈប់គិតថ្លៃសេវាតទៅទៀត ដែលវាជាវិធានការមួយមានការផ្គត់ផ្គង់ឧបត្ថម្ភថវិកា ដែលចេញពីការដំឡើងពន្ធលើការប្រើប្រាស់។ ពន្ធសម្រាប់ការប្រើប្រាស់ត្រូវបានដំឡើងពី ៨ ទៅ ១០% ចាប់ពីថ្ងៃទី០១ ខែតុលា ដោយចំណូលនេះនឹងត្រូវបានបែងចែកដើម្បីលើកកម្ពស់សន្តិសុខសង្គម។ ក្នុងឆ្នាំសារពើពន្ធនេះថវិកាប្រមាណ ៣.៥ពាន់លានដុល្លារ នឹងត្រូវបានដឹកនាំឆ្ពោះទៅរកការអប់រំនៅថ្នាក់មតេយ្យ និងសេវាថែទាំកុមារដោយឥតគិតថ្លៃ។

    សាលាមត្តេយ្យ និងមណ្ឌលថែទាំកុមារឥឡូវនេះនឹងមិនគិតថ្លៃសម្រាប់គ្រួសារទាំងអស់ ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់ពួកគេនោះទេ ហើយវាគឺសម្រាប់កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ឆ្នាំ។ ក្នុងករណីគ្រួសារត្រូវបានលើកលែងពីពន្ធនិវាសនជន ការមើលថែកុមារក៏មិនគិតថ្លៃសម្រាប់ទារករហូតដល់អាយុ ២ឆ្នាំ ផងដែរ។ លើសពីនេះសាលាមត្តេយ្យឯកជនមួយចំនួនអាចទទួលបានការឧបត្ថម្ភធនរហូតដល់ ២៤០ដុល្លារ សម្រាប់កុមារម្នាក់ក្នុងមួយខែដូចគ្នា។ ចំណែកមណ្ឌលថែទាំឯកជនក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៣៤០ដុល្លារសម្រាប់កុមារម្នាក់។

    ទោះយ៉ាងណាក៏ដោយក្នុងករណីមណ្ឌលថែទាំដែលគ្មានការអនុញ្ញាតជាផ្លូវការ ការឧបត្ថម្ភធននឹងត្រូវបានកំណត់ត្រឹមប្រាំឆ្នាំដើម្បីធានាបាននូវគុណភាពសេវាកម្មថែទាំកុមារ។ មជ្ឈមណ្ឌលបែបនេះនឹងត្រូវបានលើកទឹកចិត្តឱ្យទទួលបានការអនុញ្ញាតជាផ្លូវការក្នុងកំឡុងពេលនេះ។ នៅពេលដែលតម្រូវការសម្រាប់ការអប់រំមត្តេយ្យ និងមជ្ឈមណ្ឌលថែទាំកុមារនៅតែបន្តកើនឡើងមាន វាក៏នឹងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងលើស្តង់ដារផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: