ការបំពុលបរិយាកាសទីក្រុងហាណូយកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈស្ថានីយ៍ត្រួតពិនិត្យរបស់រដ្ឋ និង AirVisual មានការបង្ហាញខុសគ្នា
វៀតណាម៖ សន្ទស្សន៍នៃការបំពុលបរិយាកាសបានកើនឡើងដល់កម្រិតខ្ពស់នៅទីក្រុងហាណូយកាលពីថ្ងៃចន្ទ ហើយរូបថតមួយចំនួនក៏បានបង្ហាញពីអ័ព្ទដែលបានធ្វើឱ្យទីក្រុងនេះអាប់អួយ៉ាងខ្លាំង។ AirVisual បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងហាណូយ ជាមួយនឹងកម្រិត ៣៨៥ ដែលជាកម្រិតមួយខ្ពស់បំផុតសម្រាប់ទីក្រុងនេះ។ AirVisual បានវាស់គុណភាពខ្យល់របស់ទីក្រុងហាណូយ ដោយផ្អែកលើស្ថានីយ៍ត្រួតពិនិត្យចំនួន ១០ គ្រប់គ្រងដោយអាជ្ញាធរហាណូយ និង ៤កន្លែងទៀត ដោយអង្គការមិនរកប្រាក់ចំណេញ។

ទោះជាយ៉ាងណាក៏ដោយលទ្ធផលនេះមានភាពខុសគ្នាខ្លាំង បើប្រៀបធៀបទៅនឹងសន្ទស្សន៍គុណភាពខ្យល់ ដែលបានកត់ត្រាដោយប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិនៅហាណូយ ដែលមានត្រឹមតែពី ១៤៧ ដល់ ១៦២ ប៉ុណ្ណោះ។ AirVisual បានបង្ហាញកម្រិតខ្យល់អាក្រក់នៅលើផ្លូវ Nguyen Chi Thanh ដែលមានរហូតដល់ ៣០២ ប៉ុន្តែស្ថានីយ៍ត្រួតពិនិត្យទីក្រុងហាណូយនៅលើផ្លូវ Thanh Cong ដែលឆ្ងាយពីទីនោះ ១.២គីឡូម៉ែត្រ បង្ហាញថាមានតែ ១៥០ ប៉ុណ្ណោះ។
គួរឱ្យដឹងដែរថា AQI ជាម៉ែត្រប្រើដោយទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ដើម្បីកំណត់ថាតើខ្យល់កខ្វក់យ៉ាងណា ដែលកម្រិតរបស់វាមានចាប់ពី ០ ដល់ ៥០០ ហើយសន្ទស្សន៍កាន់តែខ្ពស់វាបង្ហាញពីកម្រិតខ្ពស់នៃការបំពុលបរិយាកាស និងសក្តានុពលខ្ពស់សម្រាប់ផលប៉ះពាល់សុខភាពទៅតាមហ្នឹងដែរ។ កុមារ មនុស្សវ័យចំណាស់ និងបុគ្គលដែលមានជំងឺផ្លូវដង្ហើម និងបេះដូងត្រូវបានណែនាំឱ្យជៀសវាងចេញខាងក្រៅ នៅពេលកម្រិត AQI ឡើងដល់ ១៥០ ឬលើសនេះ៕





អត្ថបទ៖ លីដា