វីដេអូស្ដែងៗបាក់រលំស្ពានមួយនៅកោះតៃវ៉ាន់សង្កត់លើនាវាដឹកប្រេង បណ្តាលឲ្យមនុស្ស១០នាក់រងរបួស
ស្ពានដ៏មមាញឹកមួយបានបាក់ស្រុតចូលកំពង់ផែនៅភាគឦសាននៃកោះតៃវ៉ាន់ ដោយបានធ្វើឱ្យនាវាដឹកប្រេងមួយគ្រឿងរលំលើទូកនេសាទចំនួន ៣ ផ្សេងទៀតនៅពីក្រោម ខណៈអ្នកចុះទូកមួយចំនួនអាចនឹងកំពុងជាប់នៅក្នុងនោះ។ មន្ត្រីជួយសង្គ្រោះគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ បានរងរបួសនៅក្នុងឧប្បត្តិហេតុ នៅឯកំពង់ផែ Nanfangao នៅថ្ងៃអង្គារនេះ។ មន្រ្តីរដ្ឋាភិបាលបានប្រាប់រ៉យទ័រថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រុមអ្នកមុជទឹកសង្គ្រោះបានមុជចូលទៅក្នុងទឹក ដើម្បីស្វែងរកអ្នកដែលកំពុងជាប់នៅក្នុងទូក។

យ៉ាងណាមិញអាជ្ញាធរបានជំរុញទាហានឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ និងបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ដើម្បីដំណើរការប្រតិបត្តិការសង្គ្រោះ។ ចំណែកមូលហេតុនៃការដួលរលំរបស់វានៅមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា រលំនៅម៉ោងប្រហែល ៩ និង ៣០នាទីព្រឹក។ គួររំលឹកដែរថាកាលពីថ្ងៃច័ន្ទ ព្យុះទីហ្វុង Mitag ដែលមានល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រ/ម៉ោង បានបោកបក់ឆ្លងកាត់ភាគឦសាននៃកោះតៃវ៉ាន់ ដែលបណ្តាលឱ្យមនុស្ស ១២នាក់រងរបួស និងកាត់ផ្តាច់ថាមពលដល់ផ្ទះជាង ៦៦,០០០ខ្នង ហើយជើងហោះហើរជាង ១៥០ ត្រូវបានលុបចោល ប៉ុន្តែនៅពេលដែលស្ពាននេះរលំគឺអាកាសធាតុល្អធម្មតាគ្មានបញ្ហានោះទេ៕



អត្ថបទ៖ លីដា