បុរសៗគួរតែអានអត្ថបទនេះ ប្រសិនបើមិនចង់បាត់បង់នូវភាពគួរឲ្យទាក់ទាញទាន់សម័យដោយសារតែការស្លៀកពាក់
មនុស្សជាច្រើនគិតថា វាជារឿងសាមញ្ញ និងងាយបំផុតសម្រាប់បុរសក្នុងការជ្រើសរើសសម្លៀកបំពាក់ឲ្យសាកសម និងទាន់សម័យ។ ទោះជាយ៉ាងណា វាមិនងាយពេកឡើយ ក៏ព្រោះនៅមានចំណុចលម្អិត ក៏ដូចជាការណែនាំជាច្រើនដែលបុរសៗត្រូវដឹង ប្រសិនបើពួកគេចង់ទទួលបានភាពទាន់សម័យគួរឲ្យទាក់ទាញតាមរយៈសម្លៀកបំពាក់ ឬការស្លៀកពាក់ប្រចាំថ្ងៃ ដើម្បីកុំឲ្យនៅពេលដែលតុបតែងទៅបែរជាលើសពេក។ អ្នកធ្លាប់បានដឹងទេថា គ្រាន់តែឡេវអាវមួយនៅលើអាវធំអាចបំផ្លាញភាពសាកសមរបស់អ្នកបានស្ទើរតែទាំងស្រុង? ដូច្នេះប្រសិនបើមិនចង់ជួបប្រទះបញ្ហាផ្សេងៗនៃការជ្រើសរើស ឬលេងស្ទាយសម្លៀកបំពាក់ ចូរអានអត្ថបទខាងក្រោមដោយយកចិត្តទុកដាក់ ៖
១. ដៃអាវគ្របបាំងលើនាឡិកាដៃ ៖ ប្រសិនបើអ្នកចូលចិត្តពាក់នាឡិកា ចូរធ្វើការមូរដៃអាវរបស់អ្នកឡើង។ ការធ្វើបែបនេះមិនត្រឹមតែផ្ដល់ឲ្យអ្នកនូវភាពងាយស្រួលក្នុងការមើលម៉ោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកមើលទៅទាក់ទាញផងដែរ។

២. រូបភាពផ្សេងៗនៅលើអាវយឺត ៖ ជ្រើសរើសយកអាវយឺតលាតធម្មតាគ្មានរូបភាព ឬអក្សរអ្វី គឺល្អបំផុត ជាពិសេសប្រសិនបើអ្នកនឹងពាក់អាវក្រៅប្រភេទណាមួយលើវា។ ការជ្រើសរើសស្លៀកពាក់ត្រឹមអាវយឺតធម្មតាជាមួយនឹងខោខូវប៊យ គឺសាមញ្ញ ប៉ុន្តែវាគួរឲ្យទាក់ទាញបែបម្យ៉ាង និងថែមទាំងមិនចេះហួសសម័យទៀតផង។

៣. អាវយឺតដែលមានដៃវែង ៖ អាវយឺតដែលមានដៃវែងស្ទើរតែដល់កែងដៃ គឺមើលទៅមិនសម និងគួរឲ្យទាក់ទាញសោះតែម្ដង សូម្បីតែតារាចម្រៀងរ៉េបជាអ្នកពាក់ក៏ដោយ។ ជាការពិតណាស់ សម្លៀកបំពាក់ គឺជារបស់សម្រាប់តុបតែងខ្លួនដែលជួយបង្កើនភាពទាក់ទាញស្រស់ស្អាតរបស់អ្នក ដូច្នេះអ្នកគួរតែជ្រើសរើសនូវប្រភេទណាដែលសាកសម។ ចំពោះអាវយឺត អ្នកគួរជ្រើសរើសអាវដែលមានដៃមិនវែងជាងកំភួនដៃ។ អាវយឺតដៃខ្លី គឺមានប្រយោជន៍ជួយបង្ហាញពីទំហំសមាមាត្រនៃដៃរបស់អ្នក ខណៈដែលអាវដៃវែងបានត្រឹមតែលាក់សាច់ដុំរបស់អ្នក ហើយធ្វើឲ្យដៃមើលទៅធំជាងធម្មតាប៉ុណ្ណោះ។

៤. ពាក់ខ្សែក្រវ៉ាត់ និងខ្សែព្រយុងខោក្នុងពេលតែមួយ ៖ របស់ទាំង ២ នេះ គឺមិនត្រូវបានផលិតឡើង សម្រាប់ឲ្យប្រើប្រាស់ក្នុងពេលតែមួយឡើយ បើទោះជាវាប្រើសម្រាប់ជួយទប់ និងលើកខោរបស់អ្នកឡើងដូចគ្នាក៏ដោយ។ ការដែលប្រើប្រាស់ក្នុងពេលជាមួយគ្នានឹងធ្វើឲ្យមើលទៅមិនសម បាត់បង់ភាពគួរឲ្យទាក់ទាញ។

៥. សម្លៀកបំពាក់មានស្នាមជ្រួញ ៖ ប្រសិនបើអ្នកចង់ឲ្យអ្នកដទៃមើលមកឃើញការរៀបចំខ្លួនរបស់អ្នក គឺមានរបៀបរៀបរយ និងសមស្អាតគួរឲ្យទាក់ទាញ ចូរកុំខ្ជិលនឹងធ្វើការអ៊ុតសម្លៀកបំពាក់ឲ្យសោះ។ សម្លៀកបំពាក់ដែលជ្រួញ គឺមើលទៅរយីរយាក ហើយអាចនឹងបំផ្លាញនូវរាល់ទំនុកចិត្តរបស់អ្នកផងដែរ។

៦. សម្លៀកបំពាក់ខុសទំហំនៃរាងកាយ ៖ ការដែលស្លៀកសម្លៀកបំពាក់រលុងពេក ឬចង្អៀតពេក គឺមិនអាចផ្ដល់ភាពសាកសមដល់អ្នកបានឡើយ។

៧. បិទឡេវខាងលើអាវធំ ឬអាវក្រៅ ៖ ប្រសិនជាត្រូវចូលរួមក្នុងកម្មវិធីធំៗ ឬការណាត់ជួបពិសេសណាមួយ ការបិទឡេវលើគេនៃអាវក្រៅ ឬអាវធំ គឺត្រឹមត្រូវសាកសមតែចំពោះអាវក្រៅដែលមានឡេវមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាចំពោះករណីខ្លះ អ្នកអាចបិទឡេវទាំងអស់បាន ប៉ុន្តែត្រូវចំហរតែឡេវដែលនៅក្រោមគេ ហើយកុំភ្លេចដោះឡេវចេញឲ្យអស់សិនមុននឹងអង្គុយចុះ។

៨. មិនញាត់អាវចូលក្នុងខោ ឬទ្រនុយឲ្យបានត្រឹមត្រូវ ៖ ដើម្បីទទួលបានភាពទាក់ទាញ និងសាកសម ប្រសិនបើអ្នកមិនមែនជាក្មេងដែលមានវ័យក្រោម ១៣ ឆ្នាំទេនោះ ចូរទ្រនុយអាវសាច់ក្រណាត់នៅក្នុងខោ ហើយពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក្នុងករណីនេះ ពណ៌ ប្រភេទ ដៃវែង ឬខ្លី មិនមែនជាបញ្ហាឡើយសម្រាប់អ្នកឡើយ។

៩. ហោប៉ៅប៉ោងៗ ៖ ប្រសិនបើត្រូវចូលរួមក្នុងកម្មវិធី ឬព្រឹត្តិការណ៍ណាមួយ ហោប៉ៅខោ ឬអាវធំរបស់អ្នកមិនត្រូវដាក់អ្វីឲ្យមើលទៅឃើញប៉ោងឡើយ ក៏ព្រោះរឿងរ៉ាវតូចតាចនេះអាចនឹងបណ្ដាលឲ្យការតុបតែងខ្លួនរបស់អ្នកប្រែជាបាត់បង់នូវភាពឆើតឆាយសាកសមគួរឲ្យទាក់ទាញបានយ៉ាងងាយ។

១០. ស្លៀកពាក់តែសម្លៀកបំពាក់ពណ៌ខ្មៅរាល់ថ្ងៃ ៖ ដើម្បីទទួលបានភាពទាន់សម័យ ចូរព្យាយាមផ្លាស់ប្ដូរនូវពណ៌នៃសម្លៀកបំពាក់ឲ្យខុសៗពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវទិញនូវសម្លៀកបំពាក់ឈុតដែលធ្វើឡើងពីក្រណាត់ភ្លឺៗឡើយ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside