ថៃចាត់វិធានការណ៍ធម៌ក្តៅ ចំពោះអាជីវករដែលលក់ដូរចំណីអាហារ និងផ្តល់កន្លែងអង្គុយនៅតំបន់ទឹកធ្លាក់ ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់នៃតំបន់ទេសចរណ៍
ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ លោក ស៊ីរីផាត់ ផាន់កុន អភិបាលខេត្តណាខនស៊ីថាំរ៉ាត់ បានប្រកាសនឹងចាត់វិធានការណ៍ធម៌ក្តៅចំពោះក្រុមអាជីវករដែលលក់ដូរចំណីអាហារ និងផ្តល់កន្លែងអង្គុយនៅតាមបណ្តោយទឹកធ្លាក់គីរីវង្ស ក្នុងភូមិគិរីវង្ស ខេត្តណាខនស៊ីថាំរ៉ាត់ ប្រទេសថៃ ដោយធ្វើការរុះរើ និងព្រមានភ្លាមៗមិនបណ្តោយទៀតនោះឡើយ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានការលើកលែងជាដាច់ខាតចំពោះអាជីវករណាម្នាក់ ដែលហ៊ានបំពានច្បាប់នោះឡើយ។ កាលដែលលោកធ្វើបែបនេះគឺក្រោយផ្ទុះការរិះគន់ពីការបំពុលបរិស្ថាន និងបំផ្លាញសម្បត្តិធម្មជាតិក្រោយមានភ្ញៀវទេសចរណ៍មួយចំនួនបរិភោគអាហាររួចមិនបានទុកដាក់សំរាម និងកាកសំណល់ត្រឹមត្រូវ។ ក្រៅពីនេះក៏មានការបំផ្លាញបរិយាកាស ដោយមានការផឹកស៊ីឡូឡា មិនសមជាតំបន់ទេសចរណ៍។
គួរបញ្ជាក់ឲ្យដឹងដែរថាទឹកធ្លាក់គីរីវង្ស គឺជាប្រភពទឹកសំខាន់មួយនៅក្នុងខេត្តណាខនស៊ីថាំរ៉ាត់ ដោយប្រជាពលរដ្ឋបានប្រើប្រាស់ទឹកនេះ ហេតុដូចនេះដើម្បីបញ្ចៀសបញ្ហា និងដើម្បីថែរក្សាតំបន់ទេសចរណ៍នេះផងនោះ អ្នកគ្រប់គ្រង និងប្រជាពលរដ្ឋ ព្រមទាំងអាជីវករត្រូវតែចូលរួមសហការជាមួយវិធានការណ៍មួយនេះ៕
អត្ថបទ៖ មេសា



