កសិករហូឡង់នាំគ្នាបើកត្រាក់ទ័របកបិទផ្លូវ ធ្វើឲ្យស្ទះចរាចរណ៍រាប់រយគីឡូម៉ែត្រ
ហូឡង់៖ ក្រុមកសិករជនជាតិហូឡង់ជាច្រើននាក់បាននាំគ្នាបើកត្រាក់ទ័រឡើងលើផ្លូវសាធារណៈ ដែលធ្វើឲ្យផ្លូវសំខាន់មួយខ្សែត្រូវកកស្ទះចរាចរណ៍ប្រវែង ៣៧៥ គីឡូម៉ែត្រ។ សកម្មភាពរបស់ក្រុមកសិករដូចខាងលើនេះបានកើតឡើង ៣ ដងរួចមកហើយ ដែលវាជាសកម្មភាពមួយបង្ហាញនូវកំហឹង និងការតវ៉ាទៅនឹងសេចក្តីសម្រេចរបស់តុលាការហូឡង់ពីសំណាក់ក្រុមកសិករផ្ទាល់តែម្តង។

សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះតុលាការហូឡង់ បានចេញនូវសេចក្តីសម្រេចមួយដោយបានចោទប្រកាន់ថា ក្រុមកសិករហូឡង់បានបំពាន់នូវច្បាប់បំភាយឧស្ម័នរបស់សហគមន៍អឺរ៉ុប ដែលធ្វើឲ្យមានការបំភាយជាតិការបូនចូលទៅក្នុងបរិយាកាសយ៉ាងច្រើន និងធ្វើឲ្យទិន្នផលសរុបរបស់ប្រទេសមួយនេះត្រូវថយចុះផងដែរ។ ការចោទប្រកាន់នេះបានធ្វើឲ្យក្រុមកសិករខកចិត្ត និងមានកំហឹងយ៉ាងខ្លាំងព្រោះវាមានន័យថា ពួកគេជាដើមហេតុធ្វើឲ្យមានការប្រែប្រួលអាកាសធាតុរបស់ភពផែនដី ហើយតាមការចោទប្រកាន់នេះក្រុមកសិករត្រូវកាត់បន្ថយបរិមាណទិន្នផលរបស់ពួកគេផងដែរ ដើម្បីចូលរួមដោះស្រាយបញ្ហាមួយនេះ។
ឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងតវ៉ារបស់ក្រុមកសិករនេះ លោកនាយរដ្ឋមន្រ្តី Mark Rutte បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់គួរបើកចិត្តឲ្យទូលាយទទួលយកការពិត និងគោរពតាមការកំណត់របស់ច្បាប់៕
អត្ថបទ៖ភក្តី



