ព្រះមហាក្សត្រថៃសម្រេចលើកពេលប្រារព្ធព្រះរាជពិធីអុំទូកទៅចុងឆ្នាំវិញ
ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសថា ព្រះមហាក្សត្រថៃបានសម្រេចព្រះទ័យធ្វើការពន្យាពេលព្រះរាជពិធីអុំទូកពីថ្ងៃទី ២៤ តុលា លើកទៅប្រារព្ធនៅថ្ងៃទី១២ ខែធ្នូវិញ។ តាមការគ្រោងទុកនា ព្រះរាជពិធីអុំទូកនៅប្រទេសថៃត្រូវបានគេរៀបចំឡើងនៅក្នុងថ្ងៃទី ២៤ ខែ តុលា វេលាម៉ោង ៣ និង ៣០ នាទីល្ងាច ហើយការហាត់សមគ្រប់បែបយ៉ាងក៏ត្រូវបានគេធ្វើឡើងរួចជាច្រើនដងហើយដែរ។ យ៉ាងណាក្តី កត្តាអាកាសធាតុគឺជាហេតុផលចម្បង ដែលធ្វើឲ្យមានការផ្លាស់ប្តូរពេលវេលា នៃការៀបចំកម្មវិធីក្រោយអធិបតីភាពដ៏ឧត្តុងឧត្ដមរបស់ព្រះមហាក្សត្រថៃនេះ។

លោក Wissanu Krea-ngam បានបញ្ជាក់ថា ការសម្រេចធ្វើការពន្យាពេលនេះបានកើតឡើងក្រោយក្រុមការងាររៀបំកម្មវិធី និងព្រះមហាក្សត្រថៃបានពិនិត្យឃើញដូចគ្នា បញ្ហាកម្ពស់ទឹក និងល្បឿនទឹកហូរក្នុងទន្លេចៅព្រះយ៉ារួមជាមួយនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល (អាចមានភ្លៀងធ្លាក់) អាចបង្កជាបញ្ហាសម្រាប់ការៀបចំកម្មវិធី។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបញ្ជាក់ជូន ក្នុងសន្និសីទព័ត៌មានផ្លូវការមួយស្តីការពន្យាពេលការប្រារព្ធពិធី ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃច័ន្ទសបា្តហ៍ក្រោយនេះ៕

អត្ថបទ៖ ភក្តី