បុរសម្នាក់ដួលសន្លប់ទៅប៉ះស្រ្តីម្នាក់ធ្វើឲ្យធ្លាក់ចូលផ្លូវរថភ្លើង សំណាងល្អគេនាំគ្នាជួយសង្គ្រោះទាន់ពេល កុំអីរថភ្លើងកិនបាត់
អាហ្សង់ទីន៖ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ មានការចែករំលែកមួយពេញបណ្តាញសង្គម Twitter ក្រោយមានករណីបុរសម្នាក់សុខៗស្រាប់តែដួលសន្លប់ ទៅប៉ះនឹងស្ត្រីម្នាក់ទៀតបណ្តាលឲ្យធ្លាក់ចូលទៅក្នុងផ្លូវរថភ្លើងសន្លប់ស្មារតី ខណៈពេលដែលរថភ្លើងកំពុងមកដល់ចំណត។ ករណីមួយនេះបានកើតឡើងនៅស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
យោងតាមប្រភពកាមេរ៉ាសុវត្ថិភាពដែលបានចាប់រូបភាពបាននោះគឺ បុរសម្នាក់សុខៗស្រាប់តែខ្យលគដួលសន្លប់ខណៈពេលដែលកំពុងរង់ចាំរថភ្លើងមកដល់ ដោយការសន្លប់របស់គេបានទៅប៉ះនឹងស្ត្រីម្នាក់ទៀត បណ្តាលឲ្យរូបនាងធ្លាក់ខ្ទាចចេញពីចំណតរង់ចាំទៅលើផ្លូវរថភ្លើង។
ក្រោយឃើញហេតុការណ៍បែបនេះប្រជាពលរដ្ឋដែលកំពុងឈររង់ចាំរថភ្លើងក៏ស្ទុះនាំគ្នាជួយ ដោយលើកដៃធ្វើជាសញ្ញាសុំឲ្យរថភ្លើងឈប់ជាបន្ទាន់។ ជាសំណាងល្អអ្នកបើកបររថភ្លើងអាចបញ្ឈប់រថភ្លើងខ្លួនបាននៅពាក់កណ្តាលផ្លូវ ទើបធ្វើឲ្យគេអាចចុះទៅជួយលើកស្ត្រីដែលសន្លប់ចេញពីផ្លូវរថភ្លើងទាន់ពេលវេលា។ យ៉ាងណាមិញអ្នកដែលសន្លប់ទាំងពីរនាក់ ត្រូវបានគេផ្តល់ថ្នាំ និងការសម្រាកនៅការិយាល័យរដ្ឋបាលនៃស្ថានីយ៍រថភ្លើងនោះ៕
អត្ថបទ៖ មេសា



