ចាប់គ្រូវិន័យមកដាក់ទោស និងបណ្តេញនាយកសាលាចេញពីតំណែង ក្រោយដាក់ទោសកូនសិស្សខ្លួនឲ្យបរិភោគសំរាម
ចិន៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមដោយធ្វើឲ្យមហាជនកើតក្តីខឹងសម្បារជាខ្លាំង ក្រោយមានករណីគ្រូវិន័យម្នាក់ចាប់បង្ខំដាក់ពិន័យសិស្សខ្លួនឲ្យបរិភោគសំរាម។
យោងតាមការរាយការណ៍បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅឯសាលាបឋមសិក្សាមួយ ស្ថិតក្នុងខេត្តយេណាន ប្រទេសចិន ដោយក្រុមសិស្សទាំងនោះត្រូវបានដាក់ទោសបន្ទាប់ពីពួកគេមិនបានយកសំរាមរបស់ខ្លួនទៅបោះចោលមុនពេលចាកចេញពីរៀន។ លុះក្រោយមកលោកគ្រូវិន័យម្នាក់នោះបានប្រកាសសួរថាវេននរណាជាអ្នកចោលសំរាម ហើយមិនយកសំរាមទៅចោល ប៉ុន្តែគ្រប់គ្នាគ្មានអ្នកឆ្លើយ និងទទួលស្គាល់កំហុស ទើបគ្រូបញ្ជាឲ្យពួកគេផ្លាស់ប្តូរវេនគ្នាម្នាក់ម្តងឲ្យញ៉ាំសំរាមនោះរហូតទាល់តែអស់ពីធុង។
ក្រោយហេតុការណ៍នេះកើតឡើង ក្មេងៗទាំងអស់ក៏រក្សាភាពស្ងៀមស្ងាត់ដោយពុំមាននរណាម្នាក់ហ៊ានប្រាប់ឪពុកម្តាយខ្លួនឡើយ ដោយសារតែលោកគ្រូម្នាក់នោះបានគំរាម។ ប្រហែលជា២ថ្ងៃក្រោយមក ក្មេងៗចាប់ផ្តើមចុកពោះ និងមានអការៈរាគពុំបាត់ លុះពេលពិនិត្យនៅមន្ទីរពេទ្យក្រុមគ្រូពេទ្យបានរកឃើញថាលាមករបស់ពួកគេគឺមានជាប់ជាមួយកាកសំណល់ផ្លាស្ទិក ថង់ និងកំទេចកំទីផ្លែឈើ។ ក្រោយមកឪពុកម្តាយបាននាំគ្នាប្តឹងទៅកាន់សាលា ប៉ុន្តែលោកគ្រូនាយកបាននិយាយថា គ្រូវិន័យម្នាក់នោះពុំបានបង្ខំក្មេងឲ្យញ៉ាំសំរាមនោះឡើយ។
ប៉ុន្តែការប្រកែកនេះពុំទទួលបានប្រសិទ្ធភាពនោះទេ ៣ថ្ងៃក្រោយប៉ូលីសបានចុះចាប់ខ្លួនលោកគ្រូវិន័យរូបនោះមកដាក់ទោស ហើយធ្វើការបណ្តេញលោកនាយកសាលារូបនោះចេញពីតំណែង៕
អត្ថបទ៖ មេសា

