បង្រៀនកូនឲ្យចេះសន្សំប្រាក់ក្នុងធុងទឹកជារៀងរាល់ថ្ងៃ លុះពេលសម្រេចចិត្តវាយបំបែកបានលុយមិនចេះតិច
ថៃ៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយអ្នកម្តាយមួយរូបបង្រៀនកូនឲ្យចេះសន្សំលុយក្នុងធុងទឹក ដោយឧបកិច្ចថាធុងទឹកនោះគឺជាកូនជ្រូករយៈពេល៣ឆ្នាំ លុះពេលរាប់លុយបានលុយប្រមាណជាង៧ម៉ឺនបាត ប្រមាណជាង២៣០០ដុល្លារ។
អ្នកម្តាយគំរូ និងគួរឲ្យគោរពមួយរូបនេះបានធ្វើឲ្យមហាជនកោតសរសើរពីការបង្រៀនកូនចៅឲ្យចេះទុកដាក់លុយ និងការចាយប្រាក់បានយ៉ាងល្អ។ យោងតាមការរៀបរាប់បានឲ្យដឹងថាអ្នកម្តាយរូបនេះមានកូនចំនួន២នាក់ ដោយគាត់បានឲ្យពួកគេយកប្រាក់ដែលជាកាក់មកសន្សំទុកក្នុងធុងទឹកជំនួសកូនជ្រូក ដោយប្រាក់ទាំងនោះគឺជាប្រាក់ដែលនៅសល់ពីការលក់។
ហើយនាងបានប្រាប់ពួកគេថាប្រាក់ដែលសន្សំនៅក្នុងធុងមួយនេះ គឺជាប្រាក់សម្រាប់ទុកចំណាយលើការសិក្សារបស់ពួកគេនៅថ្ងៃអនាគត។ លុះរយៈពេល៣ឆ្នាំក្រោយមក នាងក៏បានឃើញថាប្រាក់សន្សំបានហៀរដល់មាត់ដប អ្នកម្តាយរូបនេះក៏បានសម្រេចចិត្តកាត់ដបនោះដើម្បីរាប់លុយសន្សំជាមួយកូនខ្លួន ដោយទទួលបានទឹកប្រាក់ចំនួន ៧០,៥០០បាត ដែលប្រមាណជាង ២៣០០ដុល្លារ។ អ្នកម្តាយរូបនេះបានបន្ថែមថាទឹកប្រាក់ដែលពួកគេរាប់បានទាំងនេះ គឺនាងមានយកគម្រោងទៅដាក់ធនាគារ ដើម្បីទិញធានារ៉ាប់រ៉ងលើការសិក្សារបស់កូនៗ ឬក៏សន្សំទុកសម្រាប់ចំណាយលើការសិក្សានាថ្ងៃអនាគតរបស់ពួកគេ៕
អត្ថបទ៖ មេសា




