បុរសម្នាក់ជាកូនអ្នកមានតែសម្តីបាតផ្សារមើលងាយអ្នកក្រ ធ្វើឲ្យមហាជនទ្រាំមិនបានលើកគ្នាឈររង់ចាំស្វាគមន៍នៅមុខប៉ុស្តិ៍ប៉ូលិស
ថៃ៖ ថ្មីៗនេះបុរសចិត្តក្តៅមួយនាក់ ពាក់វ៉ែនតា បានធ្វើឲ្យមហាជនថៃកើតក្តីខឹងសម្បារជាខ្លាំងក្រោយបុរសរូបនេះបានធ្វើការមើលងាយប្រជាពលរដ្ឋថៃ ដោយអួតអាងថាខ្លួនជាកូនមហាសេដ្ឋីមានទ្រព្យសម្បត្តិ។ ដើមហេតុនៃរឿងរ៉ាវទាំងនេះកើតឡើង គឺក្រោយពេលដែលឃ្លីបវីដេអូខ្លីថតបានក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តណាខនប៉ាធុម ប្រទេសថៃ ដោយបុរសរូបនេះបានបោះសម្តី ទៅកាន់ក្មេងស្រីក្រីក្រម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះថា៖ «មានផ្ទះនៅឬអត់ហ្នឹង? ផ្ទះតម្លៃប្រមាណ៥លានបាតហ្នឹង មានអត់? នេះខ្ញុំកូនមហាសេដ្ឋីជិះឡានស្លាកលេខក្រហមណា! មានបញ្ញាគិតឬអត់? ខ្ញុំមានគ្រប់យ៉ាងដែលឯងមិនមាន»។
ក្រោយមកសម្តីរបស់គេត្រូវបានចែកចាយពេញក្នុងបណ្តាញសង្គម និងបានធ្វើឲ្យមហាជនខឹងជាខ្លាំង ព្រោះក្រៅពីពាក្យមើលងាយអ្នកក្រទាំងនេះ គេបានមើលងាយប៉ូលិស ព្រមទាំងប្រជាជនថៃទាំងមូលតែម្តង។ ការប្រមាថជនជាតិថៃរបស់គេបានធ្វើឲ្យមហាជនជាច្រើនមករង់ចាំស្វាគមន៍នៅនឹងមុខប៉ុស្តិ៍ប៉ូលីស ខណៈពេលកំពុងជម្រះបញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍។ ដោយឃើញមនុស្សជាច្រើនរង់ចាំជួបជម្រះបញ្ហាជាមួយខ្លួន បុរសម្នាក់នេះជាមួយក្រុមគ្រួសារពុំបានចេញពីប៉ូលិសឡើយ ដោយរង់ចាំឲ្យក្រុមមហាជនរំសាយជាមុនសិន តែមើលទៅគ្មានប្រសិទ្ធភាពនោះទេ។ ចុងបញ្ចប់ឪពុកម្តាយគេបានថ្លែងសុំទោស ដោយលើកហេតុផលថា កូនប្រុសខ្លួនទៅនៅបរទេសជាង២០ឆ្នាំមកហើយ ទើបមិនសូវដឹងច្បាប់ទម្លាប់៕
អត្ថបទ៖ មេសា




