មិននឹកស្មានសោះថា ខ្ទឹមបារាំងអាចធ្វើឲ្យរឿងអស្ចារ្យទាំងនេះកើតឡើងបាន
ខ្ទឹមបារាំង មិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេប្រើជាឱសថបែបធម្មជាតិដើម្បីព្យាបាលជម្ងឺទូទៅដូចជា ជម្ងឺក្អក ឈឺត្រចៀក មុតរបួសផ្សេងៗ គ្រុនក្ដៅ ផ្ដាសាយ ជម្ងឺផ្លូវដង្ហើម និងការទល់លាមកផងដែរ។ លើសពីនេះទៅទៀត ដោយសារតែគុណសម្បត្តិដ៏ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីមេរោគ ខ្ទឹមបារាំងត្រូវបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗជាច្រើន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពី អត្ថប្រយោជន៍ពិសេសៗរបស់ខ្ទឹមបារាំង និងរបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ខ្ទឹមបារាំងសម្រាប់ព្យាបាលជម្ងឺ ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួនដទៃទៀត ៖
១. ចំពោះការឆ្លងមេរោគក្នុងត្រចៀក ៖ ដើម្បីព្យាបាល អ្វីដែលអ្នកត្រូវការ គឺខ្ទឹមបារាំងក្រហមចំនួន ១ ផ្លែ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវបកសម្បកខ្ទឹមជាមុនសិន បន្ទាប់មកចិញ្ច្រាំ ឬហាន់វាទៅជាចំនិតតូចៗ រួចយកវាទៅចំហុយសម្រាប់រយៈពេលពី ៣ ទៅ ៤ នាទី រហូតដល់ខ្ទឹមចាប់ផ្ដើមទន់។ ទុកឲ្យខ្ទឹមចុះត្រជាក់បន្តិច សឹមដាក់ចូលក្នុងស្បៃ ឬក្រណាត់ស្អាតមួយ ហើយធ្វើការក្របួចចងផ្នែកខាងលើនៃស្បៃ ឬក្រណាត់ឲ្យជាប់។ ចាប់ផ្ដើមដាក់ស្អំខ្ទឹមថ្នមៗលើត្រចៀកដែលកំពុងឈឺ ឬបានឆ្លងមេរោគរបស់អ្នកសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ហើយមិនចាំបាច់សង្កត់ទប់ខ្លាំងៗឡើយ។

២. គ្រុនក្ដៅ ៖ ដើម្បីព្យាបាលជម្ងឺគ្រុនក្ដៅផ្ដាសាយធម្មតា អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្ទឹមបារាំងប៉ុន្មានចំនិតលើបាតជើង
ហើយយកស្បៃ ឬផ្លាស្ទិកស្ដើងមករុំពីលើ រួចពាក់ស្រោមជើង និងទុកចោលបែបនេះសម្រាប់រយៈពេលពេញ ១យប់ ជាការស្រេច។

៣. ចង្អោររកកលចង់ក្អួត ៖ ដើម្បីបំបាត់អាការៈនេះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមបារាំងធំមួយឲ្យទៅជាចំណិតតូចៗ បន្ទាប់មកដាក់ខ្ទឹមចូលក្នុងក្រណាត់ស្ដើងស្អាតមួយ ហើយចាប់ផ្ដើមច្របាច់ចេញទឹកចេញពីខ្ទឹម។ ដំណាក់បន្ត គឺឆុងតែជីអង្កាមចំនួន ១ ពែង ឲ្យចាស់ និងទុកដល់ចុះត្រជាក់។ ទទួលទានទឹកខ្ទឹមបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ រងចាំឲ្យបាន ៥ នាទីសិន សឹមទទួលទានទឹកតែជីអង្កាមចំនួន ២ ស្លាបព្រាកាហ្វេដូចគ្នាតាមក្រោយ។ ប្រសិនបើកន្លងផុតរយៈពេលពី ១៥ ទៅ ២០ នាទី ហើយអាការៈនៅតែមិនទាន់បាត់ ឬធូរស្រាលទេនោះ អ្នកអាចទទួលទានដូចពេលដំបូងសារឡើងវិញម្ដងទៀត។

៤. បំបាត់អាការៈក្អក ៖ ដើម្បីដោះស្រាយបញ្ហានៃជម្ងឺក្អក និងរលាកទងសួត អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំនិតតូចៗនៃខ្ទឹមបាំងដែលហាន់ ឬចិញ្ច្រាំរួចក្នុងចំនួនសមល្មមដាក់លាយចូលជាមួយនឹងប្រេងដូង រួចចាប់ផ្ដើមច្របល់ ឬកូរឲ្យទៅជាល្បាយខាប់ៗម្យ៉ាង។ លាយល្បាយទៅលើទ្រូងរបស់អ្នក ហើយយកកន្សែងស្អាតមួយមកគ្របពីលើ និងទុកចោលបែបនេះសម្រាប់រយៈពេលពេញ ១ យប់ សឹមលាងចេញនៅពេលព្រឹក។ វិធីដ័ងាយម្យ៉ាងទៀត គឺអ្នកអាចដាក់ល្បាយចូលក្នុងក្រណាត់ស្អាតមួយរួចក្របួចចងវា ហើយដាក់ស្អំលើទ្រូងសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី។

៥. របួសមុតផ្សេងៗ ៖ ដើម្បីព្យាបាលរបួសដែលមុតនឹងវត្ថុស្រួលស្ដើងដូចក្រដាស អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើដៃដែលរបួសបកស្រទាប់ខ្ទឹមបារាំង។ វិធីនេះមិនត្រឹមតែបញ្ឈប់ការហូរឈាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារមុខរបួសពីការឆ្លងមេរោគផ្សេងៗផងដែរ។

៦. ប្រើជាថ្នាំបណ្ដេញសត្វសង្កើច ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលរវាងទឹកខ្ទឹមបារាំងស្រស់ និងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វដាក់ក្នុងដបសម្រាប់បាញ់ ហើយបាញ់ទឹកល្បាយទៅលើសម្លៀកបំពាក់របស់អ្នក។
៧. ដើម្បីកម្ចាត់ពពួកសត្វល្អិតកាត់បំផ្លាញសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដបទឹកខ្ទឹមបារាំងស្រស់ចំនួន ១ដប នៅក្នុងទូសម្លៀកបំពាក់។ កុំភ្លេចចោះរន្ធពីរបីលើគម្របដបផង។
៨. ប្រើសម្រាប់បន្សុទ្ធខ្យល់ក្នុងផ្ទះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ទឹមបារាំងប៉ុន្មានចំណិតដាក់លើចានមួយ រួចយកវាទៅតាំងក្នុងបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ។ ខ្ទឹមបារាំងនឹងជួយស្រូបយកជាតិពុល និងក្លិនមិនល្អផ្សេងៗ។ កុំភ្លេចផ្លាស់ប្ដូរដាក់ចំណិតខ្ទឹមថ្មីជារៀងរាល់ថ្ងៃ។
៩. ប្រើប្រាស់ជាផលិតផលសម្រាប់សម្អាតសម្លាប់មេរោគចេញពីប្រដាប់ប្រដាមួយចំនួនក្នុងផ្ទះបាយ ៖ សម្អាតជ្រុញ និងតុ ដោយគ្រាន់តែធ្វើការលាយ ទឹកធម្មតា ជាមួយទឹកខ្ទឹមបារាំងស្រស់ត្រជាក់ និងទឹកខ្មេះ ក្នុងបរិមាណស្មើៗគ្នា។ កូរឲ្យសព្វ សឹមបាញ់វាទៅលើជ្រុញ និងតុ ហើយទុកចោលសម្រាបរយៈពេលពី ១០ ទៅ ១៥ នាទី សិន សឹមលាងសម្អាតចេញ។
១០. កម្ចាត់ស្នាមខ្លោចជាប់ក្នុងបាតឆ្នាំង និងខ្ទះ ដោយយកខ្ទឹមបារាំងឆៅមួយមកដុស និងត្រាំសម្ភារៈទាំង ២ នេះក្នុងទឹកខ្ទឹមបារាំងស្រស់សម្រាប់រយៈពេល ១ ម៉ោង។
១១. បង្ការ និងកម្ចាត់អាចម៍រុយលើស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ខ្ទឹមបារាំងធំមួយជា ២ កំណាត់ រួចយកខ្ទឹមម្ខាងមកដុសលើស្បែកដែលទទួលរងផលប៉ះពាល់និងរាល់តំបន់ស្បែកដែលបានស្ថិតក្រោមពន្លឺព្រះអាទិត្យអស់រយៈពេលយូរ ដើម្បីបង្ការបញ្ហាឡើងអាចម៍រុយលើស្បែក៕
អត្ថបទ ៖ Bee
ប្រភព ៖ Dailyhealthpost, Wikihow