រឿងរ៉ាវអស្ចារ្យទាំងនេះនឹងកើតឡើងចំពោះរាងកាយ ប្រសិនបើអ្នកដើរជារៀងរាល់ថ្ងៃ
ការដើរ គឺជាលំហាត់ប្រាណបែបងាយ ប៉ុន្តែល្អបំផុតសម្រាប់សុខភាព ក៏ដូចជារូបរាង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរពី
១៥ ទៅ ៣០ នាទីឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើននៃការដើរចំពោះសុខភាពរបស់អ្នក ៖
១. កាត់បន្ថយហានិភ័យនៃជម្ងឺភ្លេចភ្លាំង (Alzheimer) ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ការធ្វើលំហាត់ប្រាណបែបស្រាលងាយៗដូចជា ការដើរ មានប្រសិទ្ធភាពល្អប្រសើរបំផុតចំពោះសុខភាពខួរក្បាល ដោយវាអាចបង្ការកុំឲ្យកើតមានជំងឺវង្វេងវង្វាន់ដំណាក់កាលដំបូង និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង (Alzheimer) រួមទាំងបង្កើនសុខភាពផ្លូវចិត្តទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ការដើរជួយបង្កើន ក៏ដូចជារក្សាកម្រិតនៃអ័រម៉ូន Endorphins ដែលនឹងធ្វើអោយមានអារម្មណ៍ល្អ មានថាមពល និងអាចកម្ចាត់ ឬកាត់បន្ថយការឈឺចាប់បានយ៉ាងច្រើនផងដែរ។

២. បង្កើនការមើលឃើញ ឬសុខភាពនៃភ្នែក ៖ ការដើរផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនដល់ភ្នែក ហើយវាក៏ជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺទឹកដក់ក្នុងភ្នែកតាមរយៈការកាត់បន្ថយសម្ពាធលើភ្នែកផងដែរ។

៣. ការពារជំងឺបេះដូងផ្សេងៗ ៖ យោងតាមសមាគមន៍សុខភាពបេះដូងរបស់អាមេរិកបានអោយដឹងថា នៅពេលនិយាយដល់ការការពារជំងឺទាក់ទងនឹងបេះដូង ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ការដើរ គឺមានប្រសិទ្ធភាពមិនចាញ់នឹងការរត់ឡើយ។ សកម្មភាពនេះអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាផ្សេងៗនៃជំងឺបេះដូងបានតាមរយៈការកាត់បន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងធ្វើឲ្យចរន្តឈាមមានភាពប្រសើរឡើង។

៤. បង្កើនសុខភាពសួត ៖ ការដើរជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងចរន្តឈាម និងជួយហ្វឺកហ្វឺនសួត ក៏ដូចជាកម្ចាត់ចោលនូវជាតិពុល និងកាកសំណល់ផ្សេងៗផងដែរ។ ដោយសារតែការដកដង្ហើមមានភាពប្រសើរឡើងជាងមុន និងស្រូបចូលបានកាន់តែជ្រៅនោះរោគសញ្ញាមួយដែលទាក់ទងទៅនឹងជំងឺសួតក៏អាចប្រែជាធូរស្រាលបានផងដែរ។

៥. អត្ថប្រយោជន៍ចំពោះលំពែង (បង្ការជំងឺទឹកនោមផ្អែម) ៖ ការដើរ គឺជាលំហាត់ប្រាណដែលមានប្រសិទ្ធទប់ស្កាត់ជំងឺទឹកនោមផ្អែមបានខ្ពស់ជាងការរត់។ យោងតាមការសិក្សាស្រាវជ្រាវ ក្រុមអ្នកដើរបានបង្ហាញពីភាពប្រសើរឡើងនៃការអត់ធ្មត់ទៅនឹងគ្លុយកូសជិត ៦ ដង (ឧទាហរណ៍ ជាតិស្ករនៅក្នុងឈាមត្រូវបានស្រូបយកដោយកោសិកា) ជាងក្រុមអ្នករត់ក្នុងកំឡុងពេល ៦ ខែ។

៦. សម្រួលដល់ការរំលាយអាហារ ៖ ការដើររយៈពេល ៣០ នាទីជារៀងរាល់ថ្ងៃមិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនៅពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនការរំលាយអាហារ និងបង្ការអាការៈទល់លាមកបានផងដែរតាមរយៈការជួយសម្រួលចលនានៃពោះវៀន។

៧. សម្រកទម្ងន់ ៖ ការដើរមិនត្រឹមតែជួយឲ្យស្រកទម្ងន់ប៉ុណ្ណោះទេ វាក៏ជួយបំបាត់អាការៈនៃឈឺចាប់សាច់ដុំផងដែរ។ ការដើរឲ្យបាន ១០០០០ ជំហានក្នុងមួយថ្ងៃ គឺជាលំហាត់ប្រាណមួយដ៏ល្អប្រសើរបំផុត។

៨. ធ្វើឲ្យឆ្អឹង និងសន្លាក់កាន់តែរឹងមាំ ៖ ការដើរជួយផ្ដល់ភាពងាយស្រួលក្នុងការកម្រើកធ្វើចលនាបន្ថែមដល់សន្លាក់ ដើម្បីទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹង កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ប្រឆាំងនឹងការរលាក ក៏ដូចជាការឈឺចាប់ក្នុងសន្លាក់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរឲ្យបានទៀងទាត់រយៈពេល ៣០ នាទីក្នុងមួយថ្ងៃ។

៩. កាត់បន្ថយការឈឺខ្នង ៖ ការដើររួមចំណែកក្នុងការធ្វើឲ្យចរន្តឈាមរត់នៅក្នុងឆ្អឹងខ្នងមានភាពប្រសើរឡើងកាត់បន្ថយការឈឺចាប់ ហើយវាក៏ជួយសម្រួលដល់ឥរិយាបថ និងភាពបត់បែនដែលចាំបាច់បំផុតសម្រាប់ឆ្អឹងខ្នងដែលមានសុខភាពល្អផងដែរ។

១០. បង្កើនសុខភាពផ្លូវចិត្ត ៖ ការដើរជួយធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ និងកាន់តែមានភាពប្រសើរឡើងជាងមុន៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside