អាជ្ញាធរក្រុងប៉េកាំងចេញច្បាប់ថ្មី ឲ្យម្ចាស់យកសត្វឆ្កែធំៗទាំងអស់របស់ខ្លួនទៅបោះចោលក្នុងរយៈពេល ៣ថ្ងៃ
ប៉េកាំង៖ អាជ្ញាធរក្រុងប៉េកាំងបានសម្រេចធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែធំៗទៀតឡើយ ពោលគឺសត្វឆ្កែដែលមានកម្ពស់ចាប់ពី ៣៥ សង់ទីម៉ែត្រឡើងទៅ។ ការអនុវត្តច្បាប់មួយនេះនឹងត្រូវផ្តើមអនុវត្តនៅក្នុងតំបន់ Tongzhou ដែលជាតំបន់មួយសម្បូរប្រជាពលរដ្ឋចិញ្ចឹមសត្វឆ្កែធំៗ ហើយដើម្បីអនុវត្តច្បាប់នេះប្រជាពលរដ្ឋទាំងអស់ត្រូវយកសត្វឆ្កែរបស់ពួកគេទៅបោះចោល និងទុករហូតដល់ងាប់នៅកន្លែងមួយដែលអាជ្ញាធរបានរៀបចំទុក។ ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តច្បាប់ថ្មីក្នុងរយៈពេល ៣ថ្ងៃ ហើយចំពោះអ្នកណាម្នាក់ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរត្រូវប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ផងដែរ។
ក្រុមប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើការរិះគន់ចំពោះអាជ្ញាធរយ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់ខាងលើនេះ ព្រោះវាហាក់មានលក្ខណៈឃោឃៅ និងអមនុស្សធម៌យ៉ាងខ្លាំងចំពោះសត្វឆ្កែ។ យ៉ាងណាក្តី អាជ្ញាធរក្រុងប៉េកាំងបានពន្យល់ថា ការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់ទីក្រុង ដ្បិតសត្វឆ្កែធំៗតែងបង្កបញ្ហាជាច្រើនរាល់ពេលម្ចាស់នាំពួកវាទៅសួនសាធារណៈ ដូចជាពួកវាព្រុសខ្លាំងៗបង្កសំឡេងរំខាន់ដល់អ្នកដទៃ ដុះអាចម៌ពាសវាលពាសកាល ហើយពេលខ្លះខាំអ្នកដទៃទៀតផង៕

អត្ថបទ៖ ភក្តី
