ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរតែអាន! ទាំងនេះជារោគសញ្ញាដែលអាចនឹងលេចឡើង ប្រសិនបើរាងកាយរបស់អ្នកកំពុងជួបប្រទះនូវបញ្ហានៃកង្វះជាតិប្រូតេអ៊ីន 

    BY Khmernote Media April 6, 2018
    គួរតែអាន! ទាំងនេះជារោគសញ្ញាដែលអាចនឹងលេចឡើង ប្រសិនបើរាងកាយរបស់អ្នកកំពុងជួបប្រទះនូវបញ្ហានៃកង្វះជាតិប្រូតេអ៊ីន 

    ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃមុខងារផ្សេងរបស់រាងកាយ។  អប្បបរមានៃការទទួលទានជាតិប្រូតេអ៊ីនប្រចាំថ្ងៃរបស់មនុស្សពេញវ័យ គឺ ៥៦ ក្រាម សម្រាប់បុរស និង ៤៦ ក្រាម សម្រាប់ស្ត្រី ចំណែកឯកុមារវិញ គឺវាប្រែប្រួលពី ១៩ ទៅ ៣៤ ក្រាមអាស្រ័យលើអាយុរបស់ពួកគេ។ ទោះជាយ៉ាងណា បរិមាណនៃការទទួលទានក៏អាចប្រែប្រួលផងដែរចំពោះស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានជំងឺ។ ការស្រូបយកជាតិប្រូតេអ៊ីនមិនបានគ្រប់គ្រាន់បង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព ហើយអត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាមួយចំនួនដែលកើតឡើងប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហានៃកង្វះប្រូតេអ៊ីនក្នុងរាងកាយ ៖

    ៨. ឃ្លានមិនឈប់ និងឆាប់អស់កម្លាំង ៖ ប្រសិនបើអ្នកតែងមានអារម្មណ៍ឃ្លានមិនឈប់បើទោះជាទើបទទួលទានហើយ ជាពិសេសឃ្លានតែអាហារបែបសម្រន់ និងថែមទាំងឆាប់ហត់ទៀតនោះវាអាចបណ្ដាលមកពីកង្វះជាតិប្រូតេអ៊ីនក្នុងរាងកាយ។ ប្រូតេអ៊ីនត្រូវការរយៈពេលយូរដើម្បីរំលាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត និងមានថាមពល។

    ៧. សាច់ដុំចុះខ្សោយ និងឈឺសន្លាក់ ៖ សាច់ដុំ គឺជាអាងស្ដុកជាតិប្រូតេអ៊ីនដ៏ធំបំផុតរបស់រាងកាយ។ ដូច្នេះ ភាពទន់ខ្សោយនៃសាច់ដុំ ការឈឺចាប់ ក៏ដូចជាការបាត់បង់ម៉ាសនៃសាច់ដុំ គឺជាសញ្ញានៃកង្វះជាតិប្រូតេអ៊ីនក្នុងរាងកាយ។ ប្រូតេអ៊ីនមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងថែរក្សាសាច់ដុំ។

    ៦. បញ្ហាស្បែក និងក្រចក ៖ កង្វះនៃជាតិប្រូតេអ៊ីនអាចបណ្ដាលឲ្យក្រចកប្រែជាមិនរឹងមាំគ្មានសុខភាពល្អ។ ក្នុងករណីខ្លះអ្នកអាចនឹងសង្កេតឃើញមានស្នាមបន្ទះឆ្នូតពណ៌ស និងស្នាមអ៊ុចពណ៌ត្នោតខ្ចីនៅលើក្រចក។ ហើយកង្វះប្រូតេអ៊ីនក៏អាចប៉ះពាល់ដល់ស្បែកផងដែរ ពីព្រោះប្រូតេអ៊ីនមានតួនាទីជួយជុសជុលកោសិកាដែលខូចខាត និងបង្កើតកោសិកាថ្មីជំនួសឲ្យកោសិកាដែលងាប់។ ប្រសិនបើអ្នកជួបប្រទះនូវកង្វះប្រូតេអ៊ីននោះស្បែកនឹងប្រែជាស្ងួត ស្ដើង និងប្រេះជាមិនខាន។

    ៥. ជ្រុះសក់ ៖ សសៃសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីនចំនួនដល់ទៅ ៩០ ភាគរយដែលត្រូវបានគេស្គាល់ថាជាជាតិ keratin។ ប្រសិនបើអ្នកមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សក់នឹងប្រែជាស្ដើង និងហើរពណ៌។ បញ្ហានេះកើតឡើងដោយសារតែរាងកាយឈប់ប្រើប្រូតេអ៊ីនសម្រាប់រឿងដែលមិនសំខាន់ដូចជា កំណើន ឬការលូតលាស់នៃសក់។

    ៤. ខ្លាញ់ក្នុងថ្លើម ៖ ខ្លាញ់ក្នុងថ្លើម គឺជារោគសញ្ញាទូទៅបំផុតមួយនៃកង្វះប្រូតេអ៊ីនក្នុងរាងកាយ ហើយប្រសិនបើអ្នកមិនខ្វាយខ្វល់នឹងបញ្ហានេះទេនោះ វាអាចបណ្ដាលកើតមានជំងឺខ្លាញ់រុំថ្លើម ធ្វើឲ្យមុខងាររបស់ថ្លើមប្រែជាចុះអន់ថយ និងបង្កការរលាក។

    ៣. ការកើនឡើងនូវហានិភ័យនៃជំងឺពុកឆ្អឹង ៖ ដូចគ្នាទៅនឹងសាច់ដុំដែរ ការស្រូបយកសារជាតិប្រូតេអ៊ីនបានត្រឹមកម្រិតទាបអាចបង្កផលប៉ះពាល់ដល់សុខភាពឆ្អឹង។ការទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ គឺចាំបាច់បំផុតសម្រាប់ជួយដល់ការស្រូបយកនូវជាតិកាល់ស្យូម ហើយជួយដល់ការរំលាយអាហាររបស់ឆ្អឹង។

    ២. បញ្ហាក្នុងការគេង ៖ កង្វះនៃជាតិប្រូតេអ៊ីនធ្វើឲ្យមានការរារាំងទៅដល់សារធាតុ tryptophan ដែលជាអាមីណូអាសុីតធ្វើអោយងងុយគេង។ ដូច្នេះដើម្បីគេងបានស្ងប់ ចូរព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន។

    ១. ភ័ន្តភាំង ៖ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលទានសារជាតិប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ដើម្បីគាំទ្រទៅដល់មុខងារខួរក្បាលដែលមានសុខភាពល្អ។ បញ្ហាទាក់ទងទៅនឹងការចងចាំ ផ្ដោតអារម្មណ៍ ក៏ដូចជាឧស្សាហ៍ភ័ន្តភាំង គឺជារោគសញ្ញាទូទៅមួយចំនួនដែលបង្ហាញឲ្យដឹងពីកង្វះនៃសារជាតិប្រូតេអ៊ីនក្នុងរាងកាយ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay