ទប់ស្កាត់ ក៏ដូចជាបំបាត់នូវបញ្ហានៃការបែកញើសក្លៀកហួសប្រមាណ ជាមួយនឹងវិធីសាស្ត្រទាំងនេះ
ទោះបីជាមានមធ្យោបាយជាច្រើនក្នុងការទប់ស្កាត់ការបែកញើស និងក្លិនខ្លួនអាក្រក់ក៏ដោយ ក៏ពេលខ្លះនៅខណៈពេលធ្វើសកម្មភាពរាងកាយផ្សេងៗ ភាពតានតឹង ឬអាកាសធាតុក្ដៅ នៅតែធ្វើឲ្យយើងត្រូវប្រឈមនឹងបញ្ហានៃស្នាមសើមក្រោមក្លៀកដដែល។ ខាងក្រោមជាវិធីដ៏មានប្រសិទ្ធិភាពបំផុតមួយចំនួនដើម្បីកម្ចាត់នូវបញ្ហាគួរឲ្យរំខាននៃការបែកញើស និងធុំក្លិនក្លៀក ៖
១. ប្រើប្រាស់សាប៊ូលាងដៃកម្ចាត់បាក់តេរី ៖ ប្រសិនបើញើសចាប់ផ្ដើមផ្ដល់ក្លិនអាក្រក់ ខណៈពេលដែលអ្នកមិនអាច ឬគ្មានពេលទៅងូតទឹកកើតនោះ ចូរធ្វើការជូតសម្អាតញើសចេញពីក្លៀកដោយប្រុងប្រយ័ត្ន បន្ទាប់មកយកសាប៊ូលាងដៃប្រភេទប្រឆាំងនឹងពពួកបាក់តេរីមកលាបលើក្លៀកជាការស្រេច។ វិធីនឹងមានប្រសិទ្ធិភាពកម្ចាត់ចោលនូវពពួកមេរោគបាក់តេរីដែលបង្កឲ្យមានក្លិនមិនល្អ។

២. ទឹកអុកស៊ីសែន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកអុកស៊ីសែនចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកធម្មតាកន្លះពែង។ កូរឲ្យសព្វ សឹមលាបទឹកល្បាយលើក្លៀកនៅពេលព្រឹក។

៣. ម្ស៉ៅ Baking Soda ៖ មានវិធីសាស្ត្រ ២ យ៉ាងក្នុងការប្រើប្រាស់ម្ស៉ៅ baking soda ដើម្បីបំបាត់ក្លិនក្លៀក និងកាត់បន្ថយការបែកញើសក្លៀកហួសប្រមាណ។ វិធីទី ១ គឺគ្រាន់តែលាបម្ស៉ៅ baking soda ចំនួនសមល្មមលើក្លៀកក្នុងពេលព្រឹកជាការស្រេច។ ចំណែកឯវិធីទី ២ គឺអ្នកត្រូវលាយបញ្ចុលគ្នារវាងម្ស៉ៅ baking soda ចំនួន ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រាកាហ្វេ ស្ករស ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ លីត្រ។ កូរឲ្យសព្វ សឹមទទួលទានទឹកល្បាយចំនួន ១ ពែង ជារៀងរាល់ព្រឹក។ ប៉ុន្តែប្រសិនបើ ១ ពែងច្រើនពេកពិបាកទទួលទានឲ្យអស់ អ្នកអាចទទួលទានក្នុងបរិមាណម្ដងបន្តិចៗពេញមួយថ្ងៃក៏បាន។

៤. អាលុយមីញ៉ូមក្លរ ៖ ប្រើប្រាស់នូវផលិតផលលាបក្លៀកប្រភេទណាដែលមានផ្ទុកសារធាតុអាលុយមីញ៉ូមក្លរខ្ពស់។ ពួកវាអាចកាត់បន្ថយការបែកញើសបានច្រើនសូម្បីតែកំពុងស្ថិតក្នុងអាកាសធាតុក្តៅ។
៥. ចាក់ប៊ូថុក (botox) ៖ ប្រសិទ្ធិភាពនៃការចាក់អាចមានរហូតដល់ទៅ ៦ ទៅ ១២ ខែ ឯណោះ។

៦. បាញ់ឡាស៊ែរ (Laser) ៖ ក្នុងករណីគ្មានផលិតផលលាបក្លៀកបំបាត់ក្លិន និងការបែកញើសហួសប្រមាណប្រភេទណាអាចជួយអ្នកបាន អ្នកត្រូវការទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញហើយ។ ប្រសិនបើការពិនិត្យធ្វើរោគវិនិច្ឆ័យបានរកឃើញថា អ្នកមានជំងឺ hyperhidrosis (ជំងឺម្យ៉ាងដែលបង្កឲ្យរាងកាយផលិតញើសច្រើនហួសប្រមាណ) នោះវាអាចនឹងត្រូវព្យាបាលដោយប្រើបាញ់ឡាស៊ែរ ដើម្បីបញ្ឈប់មុខងារនៃការផលិតញើសហួសកម្រិត។ ទោះជាយ៉ាងណាក៏ដោយ ការបែកញើសហួសប្រមាណអាចជារោគសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរដូចជា ខ្សោយបេះដូង និងទឹកនោមផ្អែម។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីនៃការបែកញើសច្រើនប្លែកពីធម្មតា ចូរប្រញាប់ទៅពិគ្រោះពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside